(វ៉ាសូវី)៖ រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានសើចចំអកលោក Elon Musk កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាការឌឺដងគ្នាតាមបណ្តាញសង្គមជាថ្មី និងបន្ទាប់ពីមានការផ្ទុះជម្លោះពាក្យសម្តី រវាងថៅកែក្រុមហ៊ុន Tesla និង SpaceX មួយនេះ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ ២០២៥។

ចំពេលមានការបង្ហោះសារច្រើនលើបណ្តាញសង្គម X លោក Musk បានចូលមក Comment ឱ្យលោក Sikorski ថា «Be quiet, small man មានន័យថា​ នៅឱ្យស្ងៀម ក្មេងតូច»។ ឆ្លើយតបទៅវិញ លោក Sikorski បានបង្ហោះសានៅលើ X ថា «មើលអ្នកធំ ធ្វើនយោបាយគឺពិបាកជាងអ្វីដែលអ្នកគិត»

គួរបញ្ជាក់ថា កាលពីខែមីនា មន្រ្តីទូតកំពូលរបស់ទីក្រុងវ៉ាសូវីរូបនេះ ក៏ធ្លាប់ឌឺដងពាក្យសម្តីដាក់គ្នាតាមបណ្តាញសង្គម ជាមួយ Musk និងលោក Marco Rubio បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះនិយាយថា អ៊ុយក្រែន ប្រហែលជាត្រូវការជម្រើសថ្មី ជំនួសសេវាកម្មផ្កាយរណប Starlink៕