(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នឹងមិនបោះបង់ចោលជាដាច់ខាតនូវកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនបើទោះបីជាលោក ដូណាល់ ត្រាំ ឬក៏នរណាឈ្នះឆោ្នតក្លាយជាប្រធានាធិបតីអាមេរិកក៏ដោយ ប៉ុន្តែទន្ទឹមគ្នានោះកូរ៉េខាងជើងក៏មិនបានបាញ់សាកល្បងមីលស៊ីល ដូចទីក្រុងសេអ៊ូលលើកឡើងនោះដែរ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
សារព័ត៌មាន Rodong Sinmun មិនបានចុះផ្សាយការអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងជ័យជម្នះ របស់លោក ត្រាំ នោះទេតែបានព្រមានចំៗថា រដ្ឋាភិបាលអាមេរិក នៅអាណត្តិថ្មី នឹងកាន់តែប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងការដោះស្រាយជាមួយនុយក្លេអ៊ែរកូរ៉េខាងជើង។ Rodong Sinmun បាននិយាយទៀតថា «ក្ដីសង្ឈឹមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរគ្មានផ្លូវនោះទេហើយវាជារឿងហួសសម័យព្រោះថា ដោយសារតែគោលនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី ព្រមទំាងប្រឆំាងនឹងកូរ៉េខាងជើង ទើបជំរុញឱ្យមេដឹកនាំលោក គីម ជុងអ៊ុន ត្រូវតែធ្វើឱ្យទីក្រុងព្យុងយ៉ាង ក្លាយជារដ្ឋនុយក្លេអ៊ែរដើម្បីការពារខ្លួនឯង»។
គួរបញ្ជាក់ថាការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក របស់លោក ត្រាំ បានធ្វើឱ្យប្រទេសមួយចំនួនជាសម្ព័ន្ធមិត្តអាមេរិកដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើមមាន ការព្រួយបារម្ភចំពោះគោលនយោបាយរដ្ឋាភិបាលថ្មីក្រោមរដ្ឋបាលលោក ត្រាំ ត្បិតអីលោកត្រាំផ្ទាល់ធ្លាប់អះអាងថា លោកចង់ឱ្យកូរ៉េខាងត្បូង និងជប៉ុនចេះការពារខ្លួនឯង ដោយបើកដៃឱ្យសម្ព័ន្ធមិត្តម៉ឺនឆ្នាំទំាងពីរផលិតអាវុធនុយក្លេអ៊ែរ លើសពីនេះទៅទៀតលោកថែមទំាងបានបញ្ជាក់ដែរថាទីក្រុងសេអ៊ូល និងតូក្យូ ត្រូវតែជួយចេញប្រាក់ពាក់កណ្ដាល បើសិនជាចង់ឱ្យកងទ័ពអាមេរិក បន្តឈរជើងនៅក្នុងប្រទេស៕