(ម៉ានីល)៖ បន្ទាប់ពីបានសម្តែងការអបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ដែលទើបតែបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកនោះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានសន្យាថានឹងឈប់រករឿងឈ្លោះ ឬក៏ជេរប្រទេចប្រទេសមហាអំណាចមួយនេះទៀតហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងទៅកាន់សហគមន៍ហ្វីលីពីនក្នុងរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាឱកាសដំណើរបំពេញទស្សនកិច្ចនៅទីនោះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា «ខ្ញុំបាននិយាយថា ខ្ញុំមិនចង់រករឿងឈ្លោះគ្នាបន្តទៀតទេ ជាមួយសហរដ្ឋអាមេរិកព្រោះតែពេលនេះលោក ដូណាល់ ត្រាំ មានវត្តមាននៅទីនោះហើយ ទន្ទឹមគ្នានេះដែរ ខ្ញុំសូមចូលរួមអបអរសាទរលោកប្រធានាធិបតី ត្រាំ និងសូមឲ្យមានអាយុវែង។ ពួកយើងមានគោលគំនិតដូចគ្នា ហើយយើងទាំងពីរដូចគ្នា ដោយសារតែយើងតែងប្រើពាក្យជេរងាយៗណាស់»។
អ្នកវិភាគនយោបាយលោក Ramon Casiple បាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរ គឺជាមនុស្សដែលមានគំនិត និងទស្សនៈថ្មីៗដូចគ្នា ហើយលោកទាំងពីរប្រហែល ជានឹងអាចត្រូវរូវគ្នាជាជាងជាមួយ នឹងប្រធានាធិបតីផុតអណត្តិលោក បារ៉ាក់ អូបាម៉ា ខណៈលោក Casiple បានទស្សន៍ទាយថាជ័យជម្នះ របស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាការបើកទំព័រថ្មីនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ហើយលើសពីនេះទៀតលោក ឌូធើតេ ក៏ធ្លាប់ត្រូវបានគេហៅថា «ត្រាំ នៅភាគខាងកើត» ផងដែរ។
គួរបញ្ជាក់ដែរថា លោក រ៉ូឌ្រីហ្គោ ឌូធើតេ មានវ័យ៧១ឆ្នាំ គឺជាអតីតអភិបាលក្រុងដាវ៉ាវ ដែលស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន ខណៈលោក ដូណាល់ ត្រាំ ក្នុងវ័យ៧០ឆ្នាំ គឺជាមហាសេដ្ឋីអចលនទ្រព្យដែលបានក្លាយជាតារាបញ្ចេញមតិដ៏ល្បីនៅទូរទស្សន៍ ហើយគ្មានបទពិសោធន៍ទាក់ទងនឹងកិច្ចការរដ្ឋាភិបាលនោះឡើយ៕