(ម៉ានីល)៖ កងទ័ពនៃប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ថាហ្វីលីពីននិងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើសមយុទ្ធជើងទឹកជាលើកទី៧ នៅតំបន់សមុទ្រចិនខាងត្បូង ដើម្បីពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សមយុទ្ធខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃពុធ នៅលើផ្ទៃទឹកក្បែរខេត្ត Occidental Mindoro និង Zambales ហើយស្ថិតឆ្ងាយពីកន្លែងដែលមានបញ្ហាវិវាទ។ អំឡុងពេលនោះ ក៏មានការធ្វើលំហាត់រួមគ្នា នៅក្បែរឆ្នេរនិងនៅលើឆ្នេរផងដែរ។ យោធាហ្វីលីពីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពនេះគឺជាការបង្ហាញឱ្យឃើញនូវ ការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៉ីជម្រៅ និងពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា ស្របទៅតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ការធ្វើប្រាស្រ័យទាក់ទងផ្នែកយោធារវាងសម្ព័ន្ធមិត្តទាំងពីរ បានកើនឡើងខ្លាំងជាលំដាប់ នៅក្រោមអាណត្តិប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marco Jr ដែលបានងាកកាន់កៀកទៅរកទីក្រុងវ៉ាស៉ីនតោន ដើម្បីឆ្លើយតបចំពោះការពង្រីកវត្តមានរបស់ចិន នៅសមុទ្រខាងត្បូង។ ចិនទាមទារកម្មសិទ្ធិស្ទើរទាំងស្រុងលើសមុទ្រចិនខាងត្បូង រួមបញ្ចូលទាំងផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសដូចជាព្រុយណេ ឥណ្ឌូណេស៉ី ម៉ាឡេស៉ី ហ្វីលីពីន និងវៀតណាម៕