(តួកគី)៖ នាយករដ្ឋមន្ត្រីតួកគី លោក ប៊ីណាលី យីលឌីរីម បានឆ្លៀតយកឱកាសអបអរសាទរលោក ដូណាល់ ត្រាំ ដើម្បីជំរុញឱ្យប្រធានាធិបតីអាមេរិកថ្មីរូបនេះ ធ្វើបត្យាប័នបុព្វជិតហ្គូលិន ដែលជាប់ចោទពីបទនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសំរេច មកកាន់ប្រទេសតួកគី សំដៅបើកទំព័រប្រវិត្តសាស្ត្រថ្មី រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
នាយករដ្ឋមន្ត្រីតួកគី លោក ប៊ីណាលី បានលើកឡើងដូច្នេះថា «ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃទំនាក់ទំនងរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នឹងបើកសម្ពោធឡើង បើសិនជាហ្គូលិន ត្រូវបានធ្វើបត្យាប័នមកកាន់ ប្រទេសតួកគី»។ ដោយឡែកទន្ទឹមគ្នានោះដែរ ក្រសួងការបរទេសតួកគី ក៏បានគូសបញ្ជាក់ដែរថា គោរពនិងទទួលយកលទ្ធផលបោះឆ្នោតដែលបង្ហាញថាលោកត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី៤៥។
សូមជំរាបថា នៅថ្ងៃពុធនេះដែរ អាជ្ញាធរតួកគី នៅតែបន្តឃាត់ខ្លួនពីឡុតបើកយន្ដហោះចម្បាំងយោធាតួកគី៥៥នាក់ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការ បោសសំអាតអ្នកជាប់ពាក់ព័ន្ធ ឬក៏គាំទ្របុព្វជិតហ្គូលិនដែលកំពុងរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក៕