ស្តេចអារ៉ាប៊ី សាអ៊ូឌីត សម្តែងការអបអរសាទរចំពោះប្រធានាធិបតីអាមេរិកថ្មី ហើយសង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងអាចនាំយកស្ថិរភាពមកឲ្យមជ្ឈិមបូព៌ា
09-11-2016 19:54
(អារ៉ាប៊ី សាអ៊ូឌីត)៖ មហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត ព្រះអង្គ Salman bin Abdulaziz ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរូបរបស់សហរដ្ឋអាមេរិកនោះ បានសម្តែងការអបអរសាទរចំពោះជ័យជម្នះដ៏ធំធេងរបស់លោក ដូណាល់ ត្រាំ ដែលបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីទី៤៥ របស់សហរដ្ឋអាមេរិក ហើយទ្រង់សង្ឃឹមថាលោក ត្រាំ នឹងអាចផ្តល់ជូនតំបន់មជ្ឈិមបូព៌ា នូវសន្តិសុខក៏ដូចជាស្ថិរភាព បានដោយជោគជ័យនាថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាយប់ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ បានក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានផ្តួលលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ ដោយទទួលបានសំឡេងគាំទ្រលើសពី២៧០ វ៉ាដាច់គូប្រកួតតែម្តង នៅក្នុងថ្ងៃបោះឆ្នោតនេះ៕