(អាំស្ទែរដាំ)៖ នាយករដ្ឋមន្ត្រីហូឡង់ លោក ឌីក ស្កូហ្វ (Dick Schoof) បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនយោបាយប្រជានិយមប្រឆាំងជនមូស្លីម លោក ហ្គៀត វីលឌ័រ (Geert Wilders) បានដកគណបក្ស PVV របស់លោកចេញពីសម្ព័ន្ធរដ្ឋាភិបាលស្តាំនិយម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីមកពីគណបក្ស PVV របស់លោក វីលឌ័រ នឹងចាកចេញពីគណៈរដ្ឋមន្ត្រី ខណៈរដ្ឋមន្ត្រីដែលនៅសល់នឹងបន្តការងារបណ្ដោះអាសន្នក្នុងរដ្ឋាភិបាលចាំផ្ទះ។ ការបោះឆ្នោតណាមួយទំនងជាមិនអាចធ្វើទៅបានទេមុនខែតុលា ហើយការបង្កើតរដ្ឋាភិបាលថ្មីជាទូទៅត្រូវចំណាយពេលច្រើនខែនៅក្នុងបរិបទនយោបាយហូឡង់ដែលបែកខ្ញែក។
ការដួលរលំរដ្ឋាភិបាលនេះកើតឡើងស្របពេលដែលចលនាស្តាំនិយមកំពុងរីកដុះដាលនៅអឺរ៉ុប ដោយសារកំហឹងជុំវិញបញ្ហាចំណាកស្រុក និងការកើនឡើងថ្លៃរស់នៅ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឯកភាពអឺរ៉ុបក្នុងការដោះស្រាយបញ្ហារុស្ស៊ី និងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក វីលឌ័រ បានថ្លែងមុននេះកាលពីថ្ងៃអង្គារថា គណបក្សរបស់លោកដកខ្លួនចេញ ដោយសារតែដៃគូសម្ព័ន្ធទាំងបីផ្សេងទៀត មិនព្រមគាំទ្រគំនិតរបស់លោកលើបញ្ហាសិទ្ធិជ្រកកោន និងអន្តោប្រវេសន៍។ លោក វីលឌ័រ បានសរសេរនៅលើបណ្ដាញសង្គម X ថា «គ្មានការចុះហត្ថលេខាលើផែនការសិទ្ធិជ្រកកោនរបស់យើងទេ។ គណបក្ស PVV ចាកចេញពីសម្ព័ន្ធ»។
គួរបញ្ជាក់ថា គណបក្សផ្សេងទៀតនៅក្នុងសម្ព័ន្ធ មានជម្រើសព្យាយាមបន្តការងារជារដ្ឋាភិបាលភាគតិច ប៉ុន្តែគេមិនរំពឹងថាពួកគេនឹងធ្វើដូច្នេះទេ ដែលធ្វើឲ្យការបោះឆ្នោតមុនអាណត្តិកាន់តែមានលទ្ធភាពខ្ពស់៕