(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានសម្តែងការអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលទើបតែបានជាប់ឆ្នោតក្លាយជាប្រជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយបានអះអាងថាលោកកំពុងតែទន្ទឹងរង់ចាំសហការជាមួយលោក ត្រាំ ដើម្បីផ្សះផ្សាក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមមន្ត្រីរដ្ឋាភិបាលហ្វីលីពីនមួយរូប ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Martin Andanar ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក រ៉ូឌ្រីហ្គោ ឌូធើតេ ដែលធ្លាប់បានបញ្ចេញកំហឹងស្ទើរតែរាល់ថ្ងៃដាក់រដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ហើយនិងបានធ្វើការព្រមានដដែលៗថា នឹងកាត់ផ្តាច់សម្ព័ន្ធមិត្តពីទីក្រុងវ៉ាស៊ីននោះ បានធ្វើការកោតសសើរពីភាពជោគជ័យដ៏ធំធេងនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ក៏ដូចជារបៀបរបបរស់នៅរបស់ប្រជាជនអាមេរិក។
លោក Martian បានថ្លែងយ៉ាងដូច្នេះថា «លោក ឌូធើតេ កំពុងទន្ទឹងរង់ចាំចូលរួមសហការមួយនឹងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយនឹងផ្តល់ការគោរព និងអត្ថប្រយោជន៍ទៅឲ្យគ្នាទៅវិញទៅមក»៕