(ម៉ានីល)៖ ប្រធានាធិបតិរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអបអរសារទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ហើយក៏សង្ឃឹមដែរថា ក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលលោក ត្រាំ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងរៀបចំកិច្ចសន្ទនាជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទំាងពីរ ដែលកំពុងខ្វែងគំនិតគ្នាជុំវិញបញ្ហាពិភពលោកជាច្រើន ជាពិសេសបញ្ហានៅស៊ីរី។ នេះបើតាមសេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំ ដែលសារព័ត៌មានរុស្ស៊ីចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាប្រទេសរុស្ស៊ីតាំងពីដើមឡើយ បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើលោក ដូណាល់ ត្រាំ ក៏ព្រោះតែអនាគតប្រធានាធិបតីអាមេរិកថ្មីរូបនេះ ធ្លាប់បានអះអាងថាលោកចង់ឲ្យទំនាក់ទំនងអាមេរិកជាមួយរុស្ស៊ីមានភាពប្រសើរឡើងវិញ ហើយក៏ចង់ស្និតស្នាលជាមួយលោក ពូទីន ដែលជាបុគ្គលដឹកនាំដ៏មានឥទ្ធិពលលំដាប់កំពូលនៅលើពិភពលោកនេះផងដែរ៕