(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន នៅថ្ងៃចន្ទ ទី២ ខែមិថុនា បានប្រកាសឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជាអាចនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទនៅក្នុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានចោទចិនថាបាន និងកំពុងរំលោភបំពានលើកិច្ចព្រមព្រៀងផ្អាកការអនុវត្ត ការយកពន្ធគយទៅវិញទៅមក និងការរឹតត្បិតពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt គឺជាមនុស្សជំនិតទី៣ហើយរបស់លោក ត្រាំ ដែលបានចេញមុខព្យាករថាកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធគយធ្វើឡើងកាលពីខែឧសភា ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែ ភ្លាមៗគេនៅតែ មិនទាន់ដឹងច្បាស់ថាតើមេដឹកនាំនៃប្រទេសទាំង២ នឹងបើកកិច្ចសន្ទនានៅពេលណាឱ្យប្រាកដនោះទេ?

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានបញ្ជាក់ដែរថា លោក ត្រាំ និងលោក ស៊ី ជីនពីង អាចនឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗ សំដៅដោះស្រាយបញ្ហាពាណិជ្ជកម្ម ក្នុងនោះរួមមានទាំងជម្លោះស្ដីពីរ៉ែកម្រ និងការរឹតត្បិតរបស់ចិនលើការនាំចេញរ៉ែកម្រ។ លោក ត្រាំ វិញកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានអះអាងថាពិតណាស់លោកនឹងជជែកជាមួយលោកប្រធានាធិបតីចិន៕