ទឹកជំនន់បង្កជាការបាក់ដី នៅភាគឦសានប្រទេសឥណ្ឌា ផ្តាច់ជីវិតមនុស្ស ៣៤នាក់ (Video inside)
02-06-2025 16:28
(ញូវដែលី)៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៤នាក់បានស្លាប់ នៅឯតំបន់ភាគឦសានប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរបណ្តាលឱ្យមានការបាក់ដី ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ គ្រាដែរនាយកដ្ឋានឧតុនិយម ព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ ២០២៥។
រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា អ្នកទេសចរជាងមួយពាន់នាក់ ដែលជាប់គាំងនៅតំបន់នៃរដ្ឋ Sikkim ត្រូវបានជម្លៀសចេញហើយនៅថ្ងៃចន្ទនេះ រីឯក្រុមសង្គ្រោះរបស់កងទ័ព ត្រូវបានបញ្ជូនទៅរដ្ឋ Meghalaya ដើម្បីជួយសង្គ្រោះមនុស្សជាង ៥០០នាក់ ដែលជាប់គាំងក្នុងតំបន់លិចទឹក។ អាជ្ញាធរបានព្រមានពីការបាក់ដីបន្ថែមទៀត និងទឹកជំនន់ភ្លាមៗ ដោយជំរុញឱ្យអ្នកស្រុកក្នុងតំបន់ងាយរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្ន។
ក្រៅពីឥណ្ឌា បង់ក្លាដែសដែលជាប្រទេសជិតខាង ក៏កំពុងរងគ្រោះដោយការបាក់ដី នៅស្រុក Sylhet ភាគឦសាន បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ផងដែរ។ ជារៀងរាល់ឆ្នាំ ភាគឦសានឥណ្ឌា និងបង់ក្លាដែស ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង បង្កជាការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ប៉ះពាល់ដល់មនុស្សរាប់លាននាក់៕