Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនយោបាយជាតិនិយម លោក Karol Nawrocki ឈ្នះការបោះឆ្នោតប្រធានាធិបតីប៉ូឡូញ (Video inside)

02-06-2025 15:47

(វ៉ាសូវី)៖ តាមលទ្ធផលបោះឆ្នោតផ្លូវការ នាថ្ងៃចន្ទ ទី២ ខែមិថុនា​នេះ អ្នកប្រវិត្តសាស្រ្តជាតិនិយម លោក Karol Nawrocki បានឈ្នះការបោះឆ្នោតប្រធានាធិបតីប៉ូឡូញ ដែលរឿងខកបំណងធំមួយ សម្រាប់រដ្ឋាភិបាលគាំទ្រសហភាពអឺរ៉ុប នៃប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា លោក Nawrocki អាយុ ៤២ឆ្នាំ បានទទួលសំឡេងគាំទ្រ ៥០.៨៩ភាគរយ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ រីឯគូប្រជែង អាយុ ៥៣ឆ្នាំ លោក Rafal Trzaskowski ដែលជាអភិបាលក្រុងវ៉ាសូវី មាននិន្នាការគាំទ្រសហភាពអឺរ៉ុប និងជាសម្ព័ន្ធមិត្តនៃរដ្ឋាភិបាលបច្ចុប្បន្ន ទទួលបានសំឡេង ៤៩.១១ភាគរយ។

ប៉ូឡូញ គឺជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ ហើយមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស ជាមួយនិងប្រជាជនចំនួន ៣៨លាននាក់។ ប៉ូឡូញ បានដើរតួនាទីនាំមុខគេក្នុងកិច្ចការការទូតអន្តរជាតិ ជុំវិញបញ្ហាអ៊ុយក្រែន។ លោក Nawrocki ​មានគោលជំហរប្រឆាំងនឹងសមាជិកភាព​​អ៊ុយក្រែន នៅក្នុងអង្គការណាតូ ​ខណៈដែលលោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកកោតសរសើរប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ ផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីប៉ូឡូញ មានឥទ្ធិពលខ្លះលើគោលនយោបាយការបរទេស និងការពារជាតិ ហើយកាន់អំណាចវេតូលើច្បាប់។ អំណាចវេតូនេះអាចប្រែក្រឡាសវិញបាន លុះតែមានសំឡេងភាគច្រើន គឺ ៣ភាគ៥នៅក្នុងសភា ដែលរដ្ឋាភិបាលសព្វថ្ងៃ មិនមានគ្រប់គ្រាន់៕