(បរទេស)៖ ដូចដែលធ្លាប់ដឹងរួចមកហើយថា ប្រទេសកូរ៉េខាងជើងធ្លាប់កោតសរសើរពីលោក ដូណាល់ ត្រាំ ថាជាមេដឹកនាំដែលចេះយល់កាលៈទេសៈ បន្ទាប់ពីលោក ត្រាំ កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតធ្លាប់បានលើកឡើងថាលោកចង់អង្គុយញុំាហេមប៊ឺហ្គឺរួមតុផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ដែលជាសញ្ញាបង្ហាញថា អនាគតរដ្ឋបាល របស់គណបក្សសាធាណរដ្ឋអាចនឹងកសាងទំនាក់ទំនងល្អឡើងវិញជាមួយទីក្រុងព្យុងយ៉ាង។
ប្រការនេះអាចធ្វើឲ្យគេសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងផ្លាស់ប្តូរចិត្តមិនបាញ់សាកល្បងមីស៊ីលនៅពេលប្រកាសលទ្ធផលថានរណាជាប្រធានាធិបតីនោះឡើយ ប៉ុន្តែបើសិនជាលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមានជំហរប្រឆាំងកូរ៉េខាងជើងជាប់ឆ្នោតនោះ ភាគរយនៃការបាញ់មីស៊ីលក្នុងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះគឺខ្ពស់បំផុត។ ដូច្នេះចម្លើយគឺមានតែរង់ចាំដល់លទ្ធផលចុងក្រោយ នៃការរាប់សន្លឹកឆ្នោតគ្រប់រដ្ឋទាំងអស់នៅអាមេរិកប៉ុណ្ណោះ៕