Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៉ី សម្លាប់មនុស្ស៥នាក់នៅទីក្រុង Zaporizhzhia និងបង្កឱ្យរបួសប៉ុន្មាននាក់ នៅតំបន់ Sumy (Video inside)

02-06-2025 13:20

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា កាលពីវេលាយប់កន្លងទៅ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងរបស់រុស្ស៉ី បានផ្តាច់ជីវិតមនុស្ស ៥នាក់ នៅជាយទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ប្រទេស ខណៈការវាយប្រហារដោយយន្តហោះដ្រូន លើតំបន់ Sumy ភាគឦសាន បានបង្កឱ្យមនុស្សយ៉ាងហោច ៦នាក់ផ្សេងទៀតរងរបួស ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥។

អាជ្ញាធរអ៊ុយក្រែន បានប្រាប់ថា ស្រ្តី៣នាក់បានស្លាប់ ក្រោយការបាញ់ផ្លោងជាបន្តបន្ទាប់ មានគោលដៅលើភូមិមួយ នៅជាយភាគខាងកើត ទីក្រុង Zaporizhzhia ខណៈហាងលក់ដូរមួយ និងលំនៅដ្ឋានប៉ុន្មានខ្នង បានរងការខូចខាតធ្ងន់ធ្ងរ។ រីឯបុរសម្នាក់ បានស្លាប់នៅសង្កាត់ក្បែរគ្នា ក្នុងការវាយប្រហាររបស់រុស្ស៉ី ដោយប្រើប្រាស់គ្រាប់បែកទម្លាក់ពីអាកាស។ ក្រៅពីនេះ ក៏មានអ្នកបាត់បង់ជីវិតម្នាក់ទៀតផងដែរ។ សរុបមកវិញ មនុស្ស៩នាក់បានរងរបួស ក្នុងករណីវាយប្រហារទាំងនោះ ហើយលំនៅដ្ឋានឯកជនមួយខ្នង ត្រូវបានបំផ្លាញខ្ទេចទាំងស្រុង។ ទន្ទឹមគ្នា មានកុមារ២នាក់ ស្ថិតក្នុងចំណោមមនុស្សទាំង៦នាក់ ដែលរងរបួស ក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី ទៅលើតំបន់ Sumy។

គួរបញ្ជាក់ថា សម្រាប់កាលពីថ្ងៃអាទិត្យកន្លងទៅវិញ អ៊ុយក្រែនបានអះអាងពីការប្រើប្រាស់ យន្តហោះដ្រូនជាង១០០គ្រឿង ឆ្មក់វាយប្រហារ​ក្នុងទ្រង់ទ្រាយធំលើ មូលដ្ឋានទ័ពអាកាសជាច្រើនកន្លែង ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងគោលដៅបំផ្លាញយន្តហោះយោធារបស់រុស្ស៉ី ជាពិសេសយន្តហោះទម្លាក់គ្រាប់បែក។ សកម្មភាពវាយប្រហារទាំងនេះ កើតមានឡើង ស្របពេលដែលរុស្ស៉ីនិងអ៊ុយក្រែន ត្រៀមជួបចរចាគ្នាជុំថ្មីទៀត ដើម្បីព្យាយាមស្វែងរកមធ្យោបាយបិទបញ្ចប់សង្រ្គាម ដែលបានអូសបន្លាយពេលជាង៣ឆ្នាំមកហើយ៕