(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានស្នើឱ្យអូស្ត្រាលី បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) អំឡុងកិច្ចប្រជុំជាមួយ លោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ ២០២៥។

ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា ប្រមុខការពារជាតិទាំងពីរ បានពិភាក្សាអំពីបញ្ហាសន្តិសុខ រួមទាំងការពន្លឿនសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធ និងបង្កើតភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួង «ទាក់ទងនឹងវិស័យការពារជាតិ លោក Hegseth ចង្អុលបង្ហាញថា អូស្ត្រាលីគួរតែបង្កើនការចំណាយឱ្យដល់ ៣.៥ភាគរយនៃ GDP ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ជំនួបរវាងលោក Hegseth និងលោក Marles បានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ Shangri-La Dialogue នៅប្រទេសសិង្ហបុរី។ ប៉ុន្តែនៅក្រោយជំនួបនោះ លោក Marles បាននិយាយថា គ្មានការលើកឡើងអំពីតួលេខជាក់លាក់ ដែលកំណត់ឱ្យអូស្ត្រាលី បង្កើនការចំណាយលើវិស័យការពារជាតិនោះទេ៕