ក្រសួងសុខាភិបាលហ្កាហ្សា ចោទអ៉ីស្រាអែលវាយប្រហារ លើប្រជាជនដែលកំពុងរង់ចាំយកស្បៀងអាហារ ខណៈដែលអ៉ីស្រាអែលបដិសេធ (Video inside)
02-06-2025 11:13
(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ៣១នាក់បានស្លាប់ និង ១៦៩នាក់រងរបួស កាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា នៅឯភាគខាងត្បូងតំបន់ ក្បែរកន្លែងចែកចាយស្បៀងអាហារ ខណៈសាក្សីមួយចំនួនរាយការណ៍ថា ទាហានអ៉ីស្រាអែល បានធ្វើការបាញ់ប្រហារទៅលើក្រុមមនុស្ស ដែលកំពុងរង់ចាំទទួលយកជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អង្គការមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា កញ្ចប់អាហារត្រូវបានចែកចាយ ដោយគ្មានឧបទ្ទវហេតុណាមួយកើតឡើងទេ នៅក្នុងទីក្រុង Rafah។ ចំណែកយោធាអ៉ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនមិនបានបាញ់ទៅលើជនស៉ីវិលឡើយ ខណៈដែលពួកគេស្ថិតនៅក្បែរ ឬនៅក្នុងកន្លែងចែកចាយជំនួយ។ តាមគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កន្លែងព្យាបាលរបស់ខ្លួននៅ Rafah បានទទួលជនរងគ្រោះចំនួន ១៧៩នាក់ ដែលភាគច្រើនត្រូវរបួសដោយគ្រាប់កាំភ្លើង។ ICRC បញ្ជាក់ថា «អ្នកជំងឺទាំងអស់និយាយថា ពួកគេព្យាយាមចូលទៅកន្លែងចែកចាយជំនួយ»។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស បានបន្ទោសគ្នាទៅវិញទៅមកចំពោះភាពបរាជ័យ ក្នុងការឈានទៅរកបទឈប់បាញ់ថ្មីមួយ ដែលសម្របសម្រួលដោយអារ៉ាប់ និងសហរដ្ឋអាមេរិក។ អេហ្ស៉ីប និងកាតា បាននិយាយថា ពួកគេកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីយកឈ្នះលើការខ្វែងគំនិតគ្នា ហើយសម្រេចឱ្យបានបទឈប់បាញ់៕