(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចដកចេញវិញ នូវការតែងតាំងឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Jared Isaacman ធ្វើជាបេក្ខភាពប្រធានទីភ្នាក់ងារអវកាស NASA។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញុំសម្រេចដកការតែងតាំងលោក Isaacman ជាប្រធាន NASA។
មុនសេចក្តីប្រកាសរបស់លោក ត្រាំ ក្នុងថ្ងៃដដែលនោះ កាសែត New York Times បានរាយការណ៍ថា លោក ត្រាំ នឹងធ្វើយ៉ាងដូច្នោះ ហើយមូលហេតុគឺដោយសារលោកបានរកឃើញថា លោក Isaacman ធ្លាប់បរិច្ចាគថវិកាឱ្យទៅគណបក្សប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។ ក្នុងសាររបស់លោក លោក ត្រាំ បានបន្តថា នឹងប្រកាសជម្រើសបេក្ខភាពថ្មីក្នុងពេលឆាប់ៗ ដើម្បីដឹកនាំ NASA។
គួរបញ្ជាក់ថា លោក Elon Musk ត្រូវគេរាយការណ៍ថា គឺជាអ្នកបានបញ្ចុះបញ្ចូលលោក ត្រាំ ដោយផ្ទាល់ ក្នុងការជ្រើសរើស លោក Isaacman ជាប្រធាន NASA។ លោក Isaacman ត្រូវគេដឹងថា មានទំនាក់ទំនងរកស៉ីជិតស្និទ្ធជាមួយលោក Musk។ ក្រោយការប្រកាសដំណឹងខាងលើរបស់លោក ត្រាំ លោក Musk បានបង្ហោះសារលើបណ្តាញ X ថា វាគឺជារឿងកម្រ ក្នុងការរកបានបុគ្គលល្អនិងមានសមត្ថភាព ដូចលោក Isaacman។ លោក Musk ទើបតែចាកចេញពីតួនាទីជាទីប្រឹក្សាលោក ត្រាំ ទទួលបន្ទុកជាប្រធានអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល DOGE កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ៕