(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីថ្មី លោក Chan Chun Sing បាននិយាយថា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសនានា មានការអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៉ីប៉ាស៊ីហ្វិក ហើយកំពុងទន្ទឹងរង់ចាំឱ្យការប្តេជ្ញាចិត្តនេះក្លាយទៅជាសកម្មភាពជាក់ស្តែង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។
ការអត្ថាធិប្បាយរបស់ លោក Chan បានធ្វេីឡេីងបន្ទាប់ពីជំនួបតុមូលថ្នាក់រដ្ឋមន្ត្រី ដែលក្នុងចំណោមនោះក៏មាន លោក Pete Hegseth និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ផងដែរ។ លោក Chan បាននិយាយទៀតថា ការកសាងសមត្ថភាពការពារជាតិ គឺជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង។ លោកគូសបញ្ជាក់ថា «វាត្រូវតែឆ្លងកាត់វដ្ដនយោបាយខ្លីៗ។ ប្រសិនបើយើងពិតជាយកចិត្តទុកដាក់លើការកសាងសមត្ថភាពរយៈពេលវែង វាត្រូវតែជាការប្តេជ្ញាចិត្តឆ្លងកាត់វដ្តនយោបាយផ្សេងៗគ្នា»។
គួរបញ្ជាក់ថា សិង្ហបុរីកំពុងរៀចំកិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីការពារជាតិ Shangri-La Dialogue។ ក្នុងសុន្ទរកថានៅឯកិច្ចសន្ទនានោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth បាននិយាយថា រដ្ឋបាលលោក ត្រាំ នឹងបង្កើនការយកចិត្តទុកដាក់របស់ខ្លួនលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយហៅថាជាទិសដៅអាទិភាព៕