(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា បាននិយាយថាអ៉ីរ៉ង់ចាត់ទុកអាវុធនុយក្លេអ៊ែរជារឿងមិនអាចទទួលយកបានឡើយ ដែលនេះជាការបញ្ជាក់ឡើងវិញពីគោលជំហររបស់តេហេរ៉ង់ ខណៈកិច្ចចរចាដ៏សំខាន់កំពុងធ្វើឡើងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បណ្ដាប្រទេសលោកខាងលិច បានសង្ស័យជាយូរមកហើយចំពោះអ៉ីរ៉ង់ ជុំវិញមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញអ៉ីស្រាអែលដែលត្រូវបានគេជឿថាជាប្រទេសមួយមាន អាវុធនុយក្លេអ៊ែរតែមួយគត់ក្នុងតំបន់មជ្ឈិមបូព៌ា។ ក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍ លោក Araghchi បានគូសបញ្ជាក់ថា «ប្រសិនបើបញ្ហា នោះគឺជាអាវុធនុយក្លេអ៊ែរ ជាការពិតណាស់ យើងក៏បានចាត់ទុកអាវុធនុយក្លេអ៊ែរជារឿងមិនអាចទទួលយកបានផងដែរ។ យើងយល់ស្របជាមួយពួកគេ (សហរដ្ឋអាមេរិក) លើបញ្ហានេះ»។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរចំនួន៥ជុំរួចមកហើយជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដើម្បីជំនួសកិច្ចព្រមព្រៀងជាមួយ មហាអំណាចលោកខាងលិចដែលលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញកាលពីអាណត្តិទី១ ក្នុងឆ្នាំ២០១៨។ ខណៈកិច្ចចរចាកំពុងបន្តធ្វើឡើង អ៉ីស្រាអែលត្រូវបានរាយការណ៍ថាមានផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
ចំណែក លោក ត្រាំ វិញក៏មិនបានច្រានចោលនោះដែរចំពោះលទ្ធភាពប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ ក្នុងករណីមិនអាចសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេនោះ។ អ៉ីរ៉ង់តែងតែអះអាងជារឿយៗថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាកម្មវិធីស៊ីវិល ហើយមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរនោះទេ៕