(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានកាលពីថ្ងៃសុក្រថា បារាំងអាចនឹងត្រូវ «រឹតបន្តឹងជំហរ» របស់ខ្លួនចំពោះអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលបន្តរារាំងការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ លោក ម៉ាក្រុង ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉ារីសចំពោះដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយក្នុងប្រទេសសិង្ហបុរី ជាមួយនាយករដ្ឋមន្ត្រី លោក ឡូរ៉េន វ៉ុង (Lawrence Wong) លោក ម៉ាក្រុង បានបញ្ជាក់ថា «ការបិទផ្លូវមនុស្សធម៌កំពុងបង្កើតស្ថានភាពដែលមិនអាចគ្រប់គ្រងបាន ហើយប្រសិនបើគ្មានការឆ្លើយតបណាមួយចំពោះស្ថានភាពមនុស្សធម៌ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះទេ យើងច្បាស់ជានឹងត្រូវពង្រឹងជំហររួមរបស់យើង»។ លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្លាស់ប្តូរជំហររបស់ខ្លួន ហើយទីបំផុតយើងនឹងមានការឆ្លើយតបផ្នែកមនុស្សធម៌»។
កាលពីសប្តាហ៍មុន ក្រោមសម្ពាធអន្តរជាតិ អ៊ីស្រាអែលបានបន្ធូរបន្ថយផ្នែកខ្លះនូវការបិទខ្ទប់ជំនួយដែលអូសបន្លាយ១១សប្តាហ៍មកលើតំបន់ហ្គាហ្សា ដោយអនុញ្ញាតឲ្យមានការផ្តល់ជំនួយក្នុងកម្រិតមួយតាមរយៈប្រព័ន្ធមួយដែលទទួលរងការរិះគន់យ៉ាងខ្លាំង។
លោក ម៉ាក្រុង បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉ារីសក្នុងការធ្វើការឆ្ពោះទៅរកដំណោះស្រាយនយោបាយ និងបានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកចំពោះដំណោះស្រាយរដ្ឋពីរ។ លោកបានថ្លែងតាមកញ្ចក់ទូរទស្សន៍បារាំងថា អត្ថិភាពនៃរដ្ឋប៉ាឡេស្ទីន «មិនមែនត្រឹមតែជាកាតព្វកិច្ចខាងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពចាំបាច់ខាងនយោបាយផងដែរ»។
គួរបញ្ជាក់ថា អ្នកការទូត និងអ្នកជំនាញមួយចំនួនបានលើកឡើងថា លោក ម៉ាក្រុង អាចនឹងឈានទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលជាជំហានមួយអាចធ្វើឲ្យអ៊ីស្រាអែលមានការខឹងសម្បា និងធ្វើឲ្យភាពបែកបាក់ក្នុងចំណោមបណ្តាប្រទេសលោកខាងលិចកាន់តែស៊ីជម្រៅ។ មន្ត្រីបារាំងកំពុងពិចារណាលើការផ្លាស់ប្តូរនេះ មុនពេលសន្និសីទរបស់អង្គការសហប្រជាជាតិ ដែលបារាំង និងអារ៉ាប៊ីសាអូឌីតធ្វើជាសហប្រធាន នៅចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមិថុនា ដើម្បីដាក់ចេញនូវក្របខណ្ឌសម្រាប់ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់រដ្ឋប៉ាឡេស្ទីន ស្របពេលដែលធានាសន្តិសុខរបស់អ៊ីស្រាអែល៕