(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ុយក្រែនត្រូវការថវិកាប្រមាណ ៥០០ លានអឺរ៉ូ (ប្រហែល ៥៦៦ លានដុល្លារអាមេរិក) ជាជំហានបន្ទាន់ ដើម្បីជួសជុល និងសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយមីស៊ីល និងដ្រន​របស់រុស្ស៊ីជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។

យោងតាមរបាយការណ៍ផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែជិត ៤០០ កន្លែង បានរងការខូចខាត ឬបំផ្លាញ ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ កំពង់ផែសមុទ្រទាំងនេះមានសារៈសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចអ៊ុយក្រែន ដោយប្រទេសនេះពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់ការនាំចេញទំនិញជាង ៩០% របស់ខ្លួន។

ថ្លែងនៅក្នុងវេទិកាសន្តិសុខសមុទ្រខ្មៅ នៅទីក្រុងអូដេសា លោក អានឌ្រី កាស៊ូបា (Andriy Kashuba) អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហគមន៍ ដែនដី និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានគូសបញ្ជាក់ថា «យើងបានកំណត់អត្តសញ្ញាណហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់កំពង់ផែ និងការដឹកជញ្ជូន ដែលយើងបានបាត់បង់ ហើយឥឡូវនេះ យើងត្រូវតែស្តារវាឡើងវិញជាបន្ទាន់»។

គួរបញ្ជាក់ថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រតិបត្តិការកំពង់ផែសមុទ្រធំៗចំនួនបី នៅក្នុងតំបន់អូដេសា។ កំពង់ផែសមុទ្រខ្មៅផ្សេងទៀតភាគច្រើនបានផ្អាកប្រតិបត្តិការ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញលេញរបស់ខ្លួន។

លោក កាស៊ូបា បានបន្ថែមថា ការចំណាយសរុបប៉ាន់ស្មានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទាំងអស់ឡើងវិញ អាចមានប្រមាណ ១ ពាន់លានអឺរ៉ូ។ ទោះជាយ៉ាងណា តួលេខនេះគឺតូចណាស់បើធៀបនឹងការចំណាយសរុប ដែលត្រូវបានប៉ាន់ស្មានដោយធនាគារពិភពលោក កាលពីខែធ្នូ ឆ្នាំមុន ដែលមានរហូតដល់ជាង ៥០០ ពាន់លានអឺរ៉ូ៕