លោក ត្រាំ បង្កើនសម្ពាធឱ្យប្រធានធនាគារកណ្តាល កាត់បន្ថយអត្រាការប្រាក់ (Video inside)
30-05-2025 15:29
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមបង្កើនសម្ពាធលើប្រធានធនាគារកណ្តាល លោក Jerome Powell ឱ្យកាត់បន្ថយអត្រាការប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។
ប៉ុន្មានខែមកនេះ លោក ត្រាំ ហាក់ដូចជាមិនសូវពេញចិត្តនឹង លោក Powell ដែលលោកផ្ទាល់ បានតែងតាំងឱ្យដឹកនាំធនាគារកណ្តាល កាលឆ្នាំ ២០១៧ ដោយចោទលោក Powell ថាធ្វើការយឺតយាវ ជុំវិញការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ លោក ត្រាំ ប្រាប់លោក Powell ថា «គាត់កំពុងធ្វើខុស ដោយសារតែមិនបញ្ចុះអត្រាការប្រាក់»។ លោក ត្រាំ និយាយទៀតថា «ការរក្សាអត្រាការប្រាក់ខ្ពស់ កំពុងធ្វើឱ្យសហរដ្ឋអាមេរិក ជួបគុណវិបត្តិសេដ្ឋកិច្ច រាប់ទាំងប្រទេសផ្សេងទៀត រួមទាំងចិនផងដែរ»។
គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំមួយជាមួយ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ លោក Powell ព្យាយាមការពារឯករាជ្យភាព របស់ធនាគារកណ្តាលអាមេរិក លើបញ្ហាអត្រាការប្រាក់នេះ។ លោក Powell និងសហការីបានស្នើឡើងថា នឹងកាត់បន្ថយអត្រាការប្រាក់ ពីកម្រិតបច្ចុប្បន្ន នៅពេលដែលលក្ខខណ្ឌសេដ្ឋកិច្ចអាចធ្វើទៅបាន៕