(ប៉េកាំង)៖ ក្រសួងការពារជាតិនៃប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា បាននិយាយថា រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun នឹងមិនបានទៅចូលរួមវេទិកាសន្តិសុខអាស៉ីធំមួយ នាចុងសប្តាហ៍នេះឡើយ ខណៈរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នឹងមានវត្តមានជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា ជំនួសមកវិញ ប្រតិភូមកពីសកលវិទ្យាល័យការពារជាតិរបស់កងទ័ពចិន នឹងធ្វើដំណើរទៅចូលរួមវេទិកាសន្តិសុខ Shangri-La Dialogue ដែលត្រូវប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី២ ខែមិថុនា។
អ្នកនាំពាក្យមិនបានប្រាប់អំពីមូលហេតុ ដែលលោក Dong Jun មិនទៅចូលរួមនោះឡើយ។ ឆ្នាំមុនៗ ចិនតែងតែបានបញ្ជូនរដ្ឋមន្រ្តីការពារជាតិរបស់ខ្លួន ឱ្យចូលរួមព្រឹត្តិការណ៍ខាងលើ ដែលជាសន្និសីទសន្តិសុខដ៏ធំមួយប្រចាំតំបន់អាស៉ី។ អំឡុងវេទិកាសន្តិសុខនោះ កាលពីឆ្នាំ២០២៤ លោក Dong មានឱកាសបានបើកកិច្ចប្រជុំទ្វេភាគី ជាមួយអតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin។
គួរបញ្ជាក់ថា វេទិកា Shangri-La Dialogue ឆ្នាំនេះ នឹងជាការចូលរួមលើកដំបូង សម្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិក របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Pete Hegseth។ សុន្ទរកថារបស់លោក Hegseth នៅសិង្ហបុរីនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្តីពីគោលនយោបាយការពារជាតិរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នឹងត្រូវផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ ដោយសម្ព័ន្ធមិត្តនៅអាស៉ី ដើម្បីមើលថាតើ រដ្ឋបាលលោក ត្រាំ នឹងមានជំហរបែបណាចំពោះការពង្រីកអំណាចយោធារបស់ចិន ក៏ដូចជាភាពតានតឹងនៅដែនទឹកមានវិវាទ ក្នុងតំបន់អាស៉ីបូព៌ានិងអាស៉ីអាគ្នេយ៍៕