Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែនថាត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមកិច្ចចរចាបន្ត ប៉ុន្តែទាមទារឱ្យរុស្ស៉ីបង្ហាញលក្ខខណ្ឌបញ្ចប់សង្រ្គាម

30-05-2025 13:26

(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ថា អ៊ុយក្រែនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាជុំថ្មីជាមួយរុស្ស៉ី នៅទីក្រុងអ៉ីស្តង់ប៊ូលនាសប្តាហ៍ក្រោយ ប៉ុន្តែចង់ឃើញសំណើរបស់រុស្ស៉ី ស្តីពីលក្ខខណ្ឌសម្រាប់បិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Andriy Yermak ដែលជាប្រធានខុទ្ទកាល័យរបស់លោក ហ្សេលេនស្គី បានលើកឡើងថា «អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមកិច្ចពិភាក្សានៅសប្តាហ៍ក្រោយ ប៉ុន្តែយើងចង់ឱ្យការពិភាក្សានោះ ប្រព្រឹត្តទៅដោយភាពស្ថាបនា។ មានន័យថា ការទទួលបានសេចក្តីព្រាងនៃសំណើរបស់រុស្ស៉ី គឺជារឿងសំខាន់»

គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់របស់លោក ហ្សេលេនស្គី បានចេញសេចក្តីថ្លែងការណ៍ដូចខាងលើ បន្ទាប់ពីនៅក្នុងថ្ងៃដដែលនោះ ខាងរុស្ស៉ីបាននិយាយថា ទីក្រុងមូស្គូនៅបន្តរង់ចាំចម្លើយរបស់អ៊ុយក្រែន ចំពោះការស្នើបើកកិច្ចពិភាក្សាថ្មីបន្តទៀត នាថ្ងៃចន្ទ ទី២ ខែមិថុនា នៅទីក្រុងអ៉ីស្តង់ប៊ូលនៃប្រទេសតួកគី។ កាលពីថ្ងៃទី១៦ ខែឧសភា ក្រុមមន្រ្តីអ៊ុយក្រែននិងរុស្ស៉ី បានជួបជជែកគ្នាផ្ទាល់នៅអ៉ីស្តង់ប៊ូល ដែលជាលើកដំបូង ក្នុងរយៈពេលជាង៣ឆ្នាំ ចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២៕