Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចចរចាពន្ធគយអាមេរិក-ចិន មកដល់ដំណាក់កាល ដែលត្រូវការការសម្រេចចិត្តពីលោក ត្រាំ និងលោក ស៉ី, នេះបើតាមលោក Bessent (Video inside)

30-05-2025 09:12

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ហាក់ជាប់គាំងបន្តិច តែសម្រេចបាននូវការព្រមព្រៀងគ្នាមួយ ដែលទំនងជាត្រូវការការចូលរួមដោយផ្ទាល់ ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ និងប្រធានាធិបតី លោក ស៉ី ជីនពីង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។

លោក Bessent បានប្រាប់ Fox News ថា «ខ្ញុំ​ជឿ​ថា ​ប្រហែល​ជា​អាចមាន​ការ​ជជែកតាមទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី ត្រាំ និងលោក​ប្រធានាធិបតី ស៉ី។ ឃើញថាមានភាពស្មុគ្រស្មាញខ្លះ ដែលតម្រូវឱ្យមេដឹកនាំទាំងពីរ ថ្លឹងថ្លែងជាមួយគ្នា។ មេដឹកនាំទាំងពីរមានទំនាក់ទំនងល្អ ហើយខ្ញុំមានទំនុកចិត្តថា ចិននឹងមកកាន់តុចរចា នៅពេលដែលលោក ត្រាំ បង្ហាញថាចង់ធ្វើដូច្នោះដែរ»

គួរបញ្ជាក់ថា ​ក្រោយដំណើរការចរចាពីរសប្តាហ៍មក សហរដ្ឋអាមេរិក និងចិន សម្រេចបានបទឈប់បាញ់បណ្តោះអាសន្ន នៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួន។ តាមលោក Bessent ការរីកចម្រើនចាប់តាំងពីពេលនោះមកមានភាពយឺតយ៉ាវ ប៉ុន្តែលោករំពឹងថា នឹងមានកិច្ចពិភាក្សាបន្ថែមទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕