Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាល ត្រាំ ទុកពេល ៣០ថ្ងៃឲ្យ Harvard ជំទាស់ការហាមមិនឲ្យចុះឈ្មោះសិស្សបរទេស (Video inside)

29-05-2025 22:51

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានដកថយពីផែនការដកសិទ្ធិភ្លាមៗរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ ដោយជំនួសមកវិញនូវការផ្តល់ពេល ៣០ថ្ងៃឲ្យសាកលវិទ្យាល័យនេះ ធ្វើការជំទាស់តាមរយៈដំណើរការរដ្ឋបាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។

ដើមឡើយ ក្រសួងសន្តិសុខផ្ទៃក្នុង (DHS) បានជូនដំណឹងពីចេតនាដកវិញ្ញាបនបត្រ Harvard។ ប៉ុន្តែនៅចំពោះមុខបណ្តឹងរបស់ Harvard ដែលអះអាងថាចំណាត់ការនេះ «ខុសច្បាប់» និងរំលោភរដ្ឋធម្មនុញ្ញ ព្រមទាំងការដែលចៅក្រមសហព័ន្ធ លោកស្រី Allison Burroughs គ្រោងចេញដីការក្សាស្ថានភាពដើម រដ្ឋបាលបានសម្រេចប្តូរវិធីសាស្រ្ត។

ទោះបីជាមានការផ្លាស់ប្តូរនីតិវិធីក៏ដោយ រដ្ឋមន្ត្រី DHS លោកស្រី Kristi Noem នៅតែបន្តរិះគន់ Harvard យ៉ាងខ្លាំង ដោយចោទសាលាពី «ការបង្កគ្រោះថ្នាក់ដល់សិស្ស និងផ្សព្វផ្សាយការស្អប់ខ្ពើមអាមេរិក»។ Harvard បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបញ្ជាក់ថា ការហាមឃាត់នេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់និស្សិតអន្តរជាតិជាង ៧,០០០នាក់របស់ខ្លួន។

គួរបញ្ជាក់ថា ការដកថយផ្នែកនីតិវិធីរបស់រដ្ឋបាលលោក ត្រាំ អាចជាជ័យជម្នះបណ្ដោះអាសន្នសម្រាប់ Harvard ប៉ុន្តែការប្រឈមមុខដាក់គ្នាផ្នែកច្បាប់ និងមនោគមវិជ្ជាដ៏ធំ រវាងរដ្ឋាភិបាល និងគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញនេះ ជុំវិញសេរីភាពសិក្សា និងការត្រួតពិនិត្យរបស់រដ្ឋ នៅតែ​បន្ត​យ៉ាង​តានតឹង៕