(វ៉ាស៉ីនតោន)៖ លក្ខខណ្ឌរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏រួមមាននូវការទាមទារ ឱ្យមេដឹកនាំលោកខាងលិច សន្យាជាលាយលក្ខណ៍អក្សរ ថាឈប់ពង្រីកបក្សសម្ព័ន្ធយោធាណាតូ (NATO) ឆ្ពោះទៅភាគខាងកើត និងដកទណ្ឌកម្មមួយចំនួនពីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥។

Reuters ដោយយោងលើប្រភពរុស្ស៉ីចំនួន ៣ បានរាយការណ៍ថា លោក ពូទីន ចង់ឱ្យមហាអំណាចលោកខាងលិចធំៗ បញ្ឈប់ការពង្រីកណាតូឆ្ពោះមកភាគខាងកើត និយាយឱ្យខ្លី គឺគ្មានសមាជិកភាពអ៊ុយក្រែន ហ្សកហ្ស៉ី និងម៉ុលដូវី ឬរដ្ឋអតីតសាធារណរដ្ឋសូវៀតផ្សេងទៀតឡើយ។ ជាមួយគ្នានេះ រស្ស៉ីក៏ចង់ឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត ទណ្ឌកម្មមួយចំនួនលើរុស្ស៉ីត្រូវបានដកចេញ ដោះស្រាយបញ្ហាបង្កកទ្រព្យសម្បត្តិរុស្ស៉ីនៅឯលោកខាងលិច និងការពារពលរដ្ឋនិយាយភាសារុស្ស៉ីនៅអ៊ុយក្រែនផងដែរ។

វិមានក្រឹមឡាំង មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ ជុំវិញសេចក្តីរាយការណ៍ដែល Reuters ទទួលបាន។ ប៉ុន្តែកន្លងមក លោក ពូទីន និងក្រុមមន្ត្រីរុស្ស៉ី បាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ត្រូវតែដោះស្រាយឫសគល់នៃជម្លោះ នោះគឺបញ្ហាពង្រីកខ្លួនណាតូ និងការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន៕