(ញូវយ៉ក)៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោកស្រី ហ៊ីលឡារី គ្លីនតុន បានទៅដល់មណ្ឌលបោះឆ្នោតក្នុងសង្កាត់ Chappaqua ទីក្រុងញូយ៉ក នាវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា និងបានបោះឆ្នោតជូនខ្លួនឯងថែមទៀតផង។ នៅក្នុងនោះលោកស្រីបានបង្ហាញពីអារម្មណ៍ រីករាយក្នុងដំណើរមកដល់ជាមួយស្វាមី អមដោយមហិច្ឆតាខ្ពស់ដដែលក្នុងការត្រៀមក្លាយខ្លួនជាប្រធានាធិបតីស្ត្រីដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
ចំពោះលោក ដូណាល់ ត្រាំ វិញក្នុងនាមជាមហាសេដ្ឋីនៅទីក្រុងញូវយ៉កស្រាប់ ក៏បានមកធ្វើការបោះឆ្នោត ដូចគ្នាដែរនៅព្រឹកថ្ងៃអង្គារ ដោយលោកបានអះអាងថា លោកអាចមើលឃើញពីជ័យជម្នះរបស់លោក, លោកដឹងច្បាស់ថា មនុស្សជាច្រើនមានក្តីសង្ឃឹមតែមិនទាន់បានសម្រេច, ដូច្នេះពួកគេត្រូវការមេដឹកនាំដែលត្រឹមត្រូវដែលអាចជួយពួកគេ នោះគឺរូបលោកផ្ទាល់តែម្តង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC។
នៅខណៈពេលនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងដំណើរការ ដោយម៉ោងនៅសហរដ្ឋអាមេរិកសម្រាប់ទីក្រុងញូកយ៉កម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពលរដ្ឋអាមេរិកកំពុងនាំគ្នាទៅចូលបោះឆ្នោតតាមបណ្តារដ្ឋនានា នៅទូទាំងសហរដ្ឋអាមេរិក។
បណ្តាប្រទេសគ្រប់ទ្វីបនៅលើពិភពលោក បាននឹងកំពុងតែសម្លឹងទៅកាន់សហរដ្ឋអាមេរិក ក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រវាងបេក្ខជន២រូបគឺ លោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ ជាគូប្រជែងជាមួយ លោក Donal Trump មកពីគណបក្សសាធារណរដ្ឋ។
សម្រាប់នៅប្រទេសកម្ពុជា គឺនឹងអាចដឹងបានពីលទ្ធផលនៃការបោះឆ្នោតនេះ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ចំថ្ងៃនៃការប្រារព្ធបុណ្យឯករាជ្យជាតិ ខួបលើកទី៦៣។ ជោគវាសនាអនាគតជាប្រធានាធិបតីអណត្តិថ្មី របស់សហរដ្ឋអាមេរិក តើជានរណាមួយក្នុងចំណោមបេក្ខជនទាំង២រូប ដែលនឹងទទួលបានការគាំទ្រពីពលរដ្ឋអាមេរិក?
លទ្ធផលនៅមិនទាន់ដឹងថា តើលោកស្រី ហ៊ីល គ្លីនតុន ឬ ដូណាល់ ត្រាំ អ្នកណាជាអ្នកឈ្នះនោះទេ !