(ហ្សាការតា)៖ នៅថ្ងៃពុធ ទី២៨ ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បាននិយាយថា រូបលោកនឹងស្ម័គ្រចិត្តតភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ប្រសិនបើអ៉ីស្រាអែលទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ឥណ្ឌូណេស៉ី ដែលជាប្រទេសមានជនមូស្លីមភាគច្រើន ច្រើនជាងគេលើពិភពលោក គ្មានទំនាក់ទំនងផ្លូវការជាមួយអ៉ីស្រាអែលទេ ហើយតែងតែបានអំពាវនាវគាំទ្រ «ដំណោះស្រាយរដ្ឋពីរ» សម្រាប់ជម្លោះដ៏យូរអង្វែងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ថ្លែងក្នុង​សន្និសីទសារព័ត៌មានរួមគ្នាជាមួយ ប្រធានាធិបតីបារាំង នៅទីក្រុងហ្សាការតា លោក Prabowo បាននិយាយដូច្នេះថា «ក្នុងឱកាសផ្សេងៗគ្នា ខ្ញុំធ្លាប់និយាយថា ឥណ្ឌូណេស៉ីមើលឃើញដំណោះស្រាយរដ្ឋពីរ និងសេរីភាពសម្រាប់ប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ»

លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានបញ្ជាក់ថា នៅពេលដែលអ៉ីស្រាអែលទទួលស្គាល់ ប៉ាឡេស្ទីនជាប្រទេសពេញលេញ នោះឥណ្ឌូណេស៉ីក៏នឹងទទួលស្គាល់អ៉ីស្រាអែលដូចគ្នា ហើយបង្កើតទំនាក់ទំនងការទូតរវាងគ្នា។ ក្នុងឱកាសខាងលើ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានគូសបញ្ជាក់ដែរថា ដំណោះស្រាយរដ្ឋពីរ គឺជាជម្រើសប្រសើរជាងគេបំផុត សម្រាប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន ហើយលោកបានអះអាងថា គ្មានស្តង់ដារពីរនៅក្នុងគោលនយោបាយរបស់បារាំង ចំពោះតំបន់មជ្ឈិមបូព៌ាឡើយ៕