(គូឡាឡាំពួ)៖ ប្រទេសទីម័រឡេស្ដេ នឹងក្លាយជាសមាជិកទី១១ របស់អាស៊ានជាមួយសមាជិកភាពពេញសិទ្ធិដែលនឹងត្រូវបានផ្ដល់ជូននៅឯកិច្ចប្រជុំកំពូលបន្ទាប់ ក្នុងទីក្រុងគូឡាឡាំពួ ក្នុងឆ្នាំ២០២៥នេះ។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes។

ការប្រកាសរបស់លោក Anwar Ibrahim ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៧ ខែឧសភា។ លោក Anwar ដែលប្រទេសរបស់លោកជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥នេះ បាននិយាយថាទីម័រឡេស្ដេនឹងក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឯកិច្ចប្រជុំកំពូលមួយរបស់អាស៊ានគ្រោងនឹងធ្វើឡើងនៅខែតុលាខាងមុខ។ «ការសម្រេចចិត្ត នោះគឺពួកគេនឹងទទួលបាន សមាជិកភាពពេញសិទ្ធិនៅឯកិច្ចប្រជុំបន្ទាប់នៅខែតុលា»។ នេះជាការបន្ថែមរបស់លោក Anwar Ibrahim។ តាមលោក Anwar Ibrahim អាស៊ាននៅទីបំផុតទៅសម្រេចបានកុងសង់ស៊ីសលើ សមាជិកភាពរបស់ទីម័រឡេស្ដេ ក្រោយកិច្ចចរចាជាច្រើនជុំកន្លងមកនេះ។

គួរបញ្ជាក់ថា ទីម័រឡេស្ដេត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០២ ក្នុងនាមជាប្រទេសក្មេងជាងគេបំផុតនៅក្នុងតំបន់អាស៊ី។ ភ្លាមៗនោះដែរ ទីម័រឡេស្ដេដែលមាន ប្រជាជន ១.៥លាននាក់ បានចាប់ផ្ដើមដំណើរការនីតិវិធីសុំចូលជាសមាជិកអាស៊ាន ប៉ុន្តែរហូតដល់ឆ្នាំ២០១១ ទើបដាក់ពាក្យស្នើសុំជាផ្លូវការ។ អំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២២ ទីម័រឡេស្ដេត្រូវបានទទួលស្គាល់ជាគោលការណ៍ថានឹងក្លាយជាសមាជិកទី១១របស់អាស៊ាន ដោយទទួលបានឋានៈជារដ្ឋអង្កេតការណ៍៕