(គូឡាឡាំពួ)៖ នៅថ្ងៃពុធ ទី២៨ ខែឧសភា ការិយាល័យនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា ព្រះចៅស៊ូលតង់ព្រុយណេ ហាសសាណាល់ បុលគីយ៉ាស់ (Sultan Hassanal Bolkiah) កំពុងបន្តទទួលការព្យាបាល សម្រាប់អាការអស់កម្លាំង ប៉ុន្តែទ្រង់មានស្ថានភាពនឹងនរ និងព្រះរាជសុខភាពល្អធម្មតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការិយាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ស្ថានភាពរបស់ព្រះចៅស៊ូលតង់ Hassanal Bolkiah ត្រូវបានរាយការណ៍ថា មានសភាពនឹងនរ ហើយព្រះអង្គមានព្រះសុខភាពធម្មតា។ ទោះជាបែបនេះក្តី ទ្រង់នៅត្រូវការការពិនិត្យតាមដានបន្តទៀតពីក្រុមគ្រូពេទ្យ»។
ការិយាល័យព្រះចៅស៊ូលតង់ព្រុយណេ ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា ព្រះអង្គបានចូលសម្រាកនៅវិទ្យាស្ថានជាតិបេះដូង ក្នុងទីក្រុងគូឡាឡាំពួ ហើយនឹងបន្តស្នាក់នៅទីនោះ សម្រាប់រយៈពេលប៉ុន្មានថ្ងៃទៀត តាមយោបល់របស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តម៉ាឡេស៉ី ប៉ុន្តែទ្រង់មានព្រះរាជសុខភាពល្អធម្មតា ទោះមានអារម្មណ៍អស់កម្លាំងក្តី។
គួរបញ្ជាក់ថា ព្រះចៅស៊ូលតង់ព្រះជន្ម៧៨ព្រះវស្សាអង្គនេះ បានចូលមន្ទីរពេទ្យកាលពីថ្ងៃអង្គារ ខណៈដែលព្រះអង្គកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៕