Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់ គំរាមថានឹងចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញសង្រ្គាមហ្កាហ្សា (Video inside)

28-05-2025 11:56

(បែរឡាំង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមថាអាល្លឺម៉ង់ នឹងចាត់វិធានការប្រឆាំងអ៉ីស្រាអែល ហើយនិយាយទៀតថា ទីក្រុងបែរឡាំងនឹងមិននាំចេញអាវុធ ដែលអាចប្រើដើម្បីបំពានច្បាប់មនុស្សធម៌នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥។

លោក Wadephul បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ សម្រាប់អ៉ីស្រាអែល មិនតម្រូវឱ្យមានសម្ភារយោធាឡើយ ពីព្រោះការវាយប្រហារតាមផ្លូវអាកាស និងកត្តាខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ធ្វើឱ្យស្ថានការណ៍នៅហ្កាហ្សា ទ្រាំទ្រលែងបាន។ ការប្តេជ្ញាចិត្តចំពោះសិទ្ធិ និងសន្តិសុខរបស់អ៉ីស្រាអែល មិនគួរត្រូវបានប្រើជាហេតុផលសម្រាប់សង្រ្គាម ដែលកំពុងធ្វើនៅហ្កាហ្សានោះទេ។ ដោយមិនផ្តល់ព័ត៌មានលម្អិត លោក Wadephul គូសបញ្ជាក់ថា «​ឥឡូវ​នេះ​យើង​ស្ថិត​នៅ​ចំណុច​មួយ​ ដែល​​ត្រូវ​គិត​យ៉ាង​ហ្មត់ចត់​ អំពី​អ្វី​ដែល​ត្រូវ​ចាត់​វិធានការ​បន្ថែម»

គួរបញ្ជាក់ថា ថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានរិះគន់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើតំបន់ហ្កាហ្សាផងដែរ ដោយនិយាយថា វាលែងសមហេតុផលទៀតហើយ ក្នុងការបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស៕