(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទំាងពីរគឺលោកស្រី គ្លីនតុន និងលោក ត្រាំ នៅតែមិនអាចទាក់ទាញប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជនអាមេរិក ដោយសារតែរឿងអាស្រូវរបស់អ្នកទាំងពីរដែលផ្ទុះឡើង ខ្លំាងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមការស្ទង់មតិរបស់ស្ថានីយ៍ទូរទស្សន៍ Foxnews ចេញផ្សាយនៅពេលថ្មីៗនេះបង្ហាញថា ៦១ភាគរយ នៃអ្នកបោះឆ្នោតមានគំនិតអវិជ្ជមានចំពោះ បេក្ខជនប្រធានាធិបតីអាមរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ពោលបើធៀបទៅនឹងខែមីនាកន្លងចំនួននេះមានតែ ៥៨ភាគរយប៉ុណ្ណោះ ខណៈប្រជាជនអាមេរិក ៥៨ភាគរយផ្សេងទៀតមិនពេញចិត្តចំពោះលោក ត្រាំ ហើយដែលតួរលេខនេះបានធ្លាក់ចុះមកពីអត្រា ៦៥ភាគរយ នៃការស្ទង់មតិកាលពីរយៈពេលពីរខែមុន។
គួរបញ្ចាក់ថាដោយសារតែរឿងអាស្រូវ Email បានធ្វើឱ្យលោកស្រី គ្លីនតុន ធ្លាក់ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ ចំណែកឯប្រជាប្រិយភាពលោក ត្រាំ វិញក៏មិនជាល្អប្រសើរណាស់ណាដែរបន្ទាប់ពីរឿងអាស្រូវផ្លូវភេទ និងការគេចវេសមិនបង់ពន្ធត្រូវបានទម្លាយដោយបណ្ដាសារព័ត៌មានអាមេរិកមួយចំនួន ដែលមានទំនោរទៅរកគណបបក្សប្រជាធិបតេយ្យ៕