អង់គ្លេស នឹងចំណាយថវិការាប់ពាន់លានដុល្លា លើការបណ្តុះបណ្តាលយុវជនក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មបរទេស (Video inside)
27-05-2025 11:33
(ឡុងដ៏)៖ រដ្ឋាភិបាលបានឱ្យដឹងថា ចក្រភពអង់គ្លេស នឹងចំណាយថវិកា ៣ពាន់លានផោន ឬ ៤ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការបណ្តុះបណ្តាលដល់យុវជនក្នុងស្រុក ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបំពេញចន្លោះខ្វះខាត នៅក្នុងទីផ្សារការងារ និងដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ ២០២៥។
តាមក្រសួងអប់រំអង់គ្លេស ថវិកានោះនឹងយកទៅវិនិយោគលើជំនាញ និងទេពកោសល្យរបស់យុវជនក្នុងស្រុក ដោយបង្កើតឱកាសបណ្តុះបណ្តាលថ្មីចំនួន ១២០ ០០០ នៅក្នុងវិស័យសំខាន់ៗដូចជា សំណង់ វិស្វកម្ម ការផ្តល់សេវាថែទាំសុខភាព និងវិស័យឌីជីថល។ ជាមួយគ្នានេះ នឹងផ្តល់កន្លែងបណ្តុះបណ្តាលបន្ថែមរហូតដល់ ៤៥ ០០០ដើម្បីបង្កើនការងារជំនាញក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការធ្វើចំណាកស្រុក នៅក្នុងវិស័យអាទិភាព។
គួរបញ្ជាក់ថា ចាប់តាំងពីវិបត្តិកូវីដ១៩ ជនជាតិអង់គ្លេសដែលគ្រប់អាយុធ្វើការ ក្នុងចំណោម ៥នាក់ មានច្រើនជាងម្នាក់ដែលគ្មានការងារ និងមិនស្វែងរកការងារធ្វើ ហើយតួលេខនេះគឺបានកើនឡើងជាលំដាប់៕