(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បាននិយាយថាអាល្លឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗរបស់អ៊ុយក្រែនបានលុបចោល ការរឹតត្បិតលើរយៈចម្ងាយបាញ់នៃអាវុធដែលពួកគេបានផ្ដល់ទៅឱ្យទីក្រុងកៀវ យកទៅប្រើនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Merz រុស្ស៉ីបានព្រមានថាការសម្រេចចិត្តខាងលើគឺជារឿងគ្រោះថ្នាក់ជាទីបំផុត ហើយអាចនឹងបង្កឧបសគ្គរារាំងស្ទះដល់ការស្វែងរក កិច្ចព្រមព្រៀងសន្តិភាព។ លោក Merz ដែលបានឡើងកាន់តំណែងជាអធិការបតីអាល្លឺម៉ង់កាលពីដើមខែឧសភា ក៏បានសន្យាដែរថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលយើងមាន ដើម្បីបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំងជំនួយយោធា ក្រោមការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធដទៃ»។ នៅក្នុងបទសម្ភាសន៍មួយ លោក Merz បានបន្ថែមថា «វាមិនមានទៀតឡើយ ការរឹតត្បិតលើអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ដែលនេះមានន័យថាអ៊ុយក្រែនចាប់ពីឥលូវនេះទៅ អាចការពារខ្លួនឯងតាមរយៈការវាយប្រហារលើ គោលដៅយោធាក្នុងទឹកដីរុស្ស៉ី»។ ក៏ប៉ុន្តែការសង្ស័យនៅតែមាន ត្បិតលោក Merz មិនបានបញ្ជាក់លម្អិតថាតើការសម្រេចិត្តលុបចោលការរឹតត្បិតលើការប្រើប្រាស់អាវុធលោកខាងលិចរបស់ អ៊ុយក្រែនធ្វើឡើងតាំងពីពេលណាមក ឬក៏ថាតើការសម្រេចចិត្តនេះនឹងត្រូវអនុវត្តលើអាវុធដែលអ៊ុយក្រែនបានទទួលរួចហើយ ឬក៏យ៉ាងណានោះទេ?
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារលើ ទីតាំងយោធាក្នុងទឹកដីរុស្ស៉ី។ កាលពីខែវិច្ឆិកាផងដែរ អ៊ុយក្រែនបានបាញ់មីស៊ីលគ្រូស Storm Shadow ផ្ដល់ដោយអង់គ្លេសលើទឹកដីរុស្ស៉ីជាលើកដំបូង ក្រោយទទួលបានភ្លើងបៃតងពីទីក្រុង ឡុងដ៍។ បារាំងវិញដែលបានផ្ដល់មីស៊ីល Scalp ឱ្យអ៊ុយក្រែន បានបញ្ជាក់ឡើងវិញនៅពេលនោះដែរថាការវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ីគឺជាជម្រើសមួយ។
លោក Merz ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ចង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ឱ្យអ៊ុយក្រែន ប៉ុន្តែកាលពីថ្ងៃចន្ទ លោកមិនបាននិយាយថាតើអាល្លឺម៉ង់នឹងបញ្ជូនមីស៊ីល Taurus នេះ ឬក៏អាវុធថ្មីណាមួយផ្សេងទៀតទៅឱ្យអ៊ុយក្រែនក្នុងពេលនេះឬុយ៉ាងណាឡើយ៕