(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់គម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិកគឺជាសេណារីយ៉ូសង្រ្គាមនុយក្លេអ៊ែរដ៏គ្រោះថ្នាក់បំផុត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែឧសភា បាននិយាយថាលោកបានសម្រេចចិត្តជ្រើសរើសយកគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome ដែលអាច នឹងត្រូវចំណាយប្រាក់អស់ ១៧៥ពាន់លានដុល្លារ។ នៅថ្ងៃអង្គារ ទី២៧ ខែឧសភា វិទ្យាស្ថានសម្រាប់ការសិក្សាពីសហរដ្ឋអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថាគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome គឺជាផលិតមួយនៃនយោបាយ America first ភាពក្រអឺតក្រទម និងការអនុវត្តមិនស្មើភាពរបស់សហរដ្ឋអាមេរិក ហើយជាសេណារីយ៉ូសង្រ្គាមនុយក្លអ៊ែរ។

ការផលិត Golden Dome គឺមានគោលដៅការពារសហរដ្ឋអាមេរិកពីការវាយប្រហារដោយមីស៊ីលពីសំណាក់សត្រូវ ដូចជាចិន អ៉ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៉ី។ កាលពីសប្ដាហ៍មុន ចិនក៏បានរិះគន់ គម្រោងផលិតខែលប្រឆាំងមីស៊ីលនេះដែរ និងអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលគម្រោងនេះវិញ៕