(ហាណូយ)៖ ប្រទេសបារាំង និងវៀតណាម នៅថ្ងៃចន្ទ ទី២៦ ខែឧសភា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដែលមានតម្លៃសរុបជាង ១០ពាន់លានដុល្លារអាមេរិក (៩ពាន់លានអឺរ៉ូ) ដែលគ្របដណ្តប់លើវិស័យអាកាសចរណ៍ ការពារជាតិ និងថាមពល ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីស្វែងរកការជំរុញឥទ្ធិពលបារាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Macron បានបញ្ជាក់ពីតម្លៃកិច្ចសន្យាសរុប ៩ពាន់លានអឺរ៉ូ។ កិច្ចព្រមព្រៀងទាំង ១៤ ដែលបានចុះហត្ថលេខា រួមមានការទិញយន្តហោះ Airbus ចំនួន ២០គ្រឿង, កិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរ, ការពារជាតិ, ការដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ, ផ្កាយរណបអង្កេតផែនដីរបស់ Airbus និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក Macron មកកាន់វៀតណាម និងជាលើកដំបូងដោយប្រធានាធិបតីបារាំងក្នុងរយៈពេលជិតមួយទសវត្សរ៍។ វាធ្វើឡើងបន្ទាប់ពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ថានឹងដំឡើងពន្ធ ៥០% លើទំនិញសហភាពអឺរ៉ុប ទោះបីក្រោយមកបានពន្យារពេល និងខណៈដែលវៀតណាមបានធ្វើសម្បទានដល់អាមេរិក ដើម្បីជៀសវាងពន្ធ ៤៦% ដែលបង្កការព្រួយបារម្ភដល់អឺរ៉ុប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Macron បានរំលឹកពីការគាំទ្ររបស់បារាំងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ដែលជាបញ្ហារសើបសម្រាប់វៀតណាមចំពោះមុខចិននៅសមុទ្រចិនខាងត្បូង។ លោកបានបន្ថែមថា ភាពជាដៃគូជាមួយវៀតណាម «រួមបញ្ចូលកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ»។ ប្រធានរដ្ឋវៀតណាម លោក Luong Cuong បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិរួមមាន «ការចែករំលែកព័ត៌មានលើបញ្ហាយុទ្ធសាស្ត្រ» និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ សន្តិសុខអ៊ីនធឺណិត និងប្រឆាំងភេរវកម្ម។
គួរបញ្ជាក់ថា បារាំងធ្លាប់គ្រប់គ្រងវៀតណាមប្រហែល ៧០ឆ្នាំរហូតដល់ឆ្នាំ ១៩៥៤។ ទំនាក់ទំនងបានប្រសើរឡើងក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ លោក Macron កំពុងស្ថិតក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍ ដែលរួមមានឥណ្ឌូណេស៊ី និងសិង្ហបុរីផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពារជាតិទាំងនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងក្នុងការធ្វើពិពិធកម្មទំនាក់ទំនង និងពង្រឹងវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ៕