(សេអ៊ូល)៖ ជំនួយការជំនិតផ្ទាល់របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានសារភាពនៅចំពោះមុខរដ្ឋអាជ្ញាថា ហេតុដែលលោកបានអនុញ្ញាតឲ្យស្រ្តីឈ្មោះ Choi Soon-sil ចូលមើលឯកសារសម្ងាត់ជាតិនោះ គឺដោយសារតែមានការបញ្ជាដោយផ្ទាល់សំណាក់លោកស្រីប្រធានាធិបតីតែម្តង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
សារព័ត៌មាន Chosun Ilbo បានចុះផ្សាយថា លោក Jeong Ho-seong អតីតជំនួយការមួយរូបមាននាទីទទួលបន្ទុករាល់របាយការណ៍នានាដែលត្រូវបញ្ជូនទៅកាន់លោកស្រី ផាក គឺនហេ បានឆ្លើយសារភាពចំពោះការចោទសួររបស់ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងថា លោកបាននាំយកឯកសាររបស់ប្រធានាធិបតីទៅឲ្យស្រ្តីឈ្មោះ Choi Soon-sil ទៅតាមការបង្គាប់បញ្ជារបស់លោកស្រី ផាក ខ្លួនឯងផ្ទាល់។
បើយោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងទៀតថាថា ឯកសារសំខាន់ៗទាំងអស់នោះរួមមាន សុន្ទរកថារបស់លោកស្រី ផាក គឺនហេ, កិច្ចសន្យាសម្ងាត់ជាមួយនឹងប្រទេសកូរ៉េខាងជើង ដែលត្រូវបានធ្វើឡើងកាលពីអាណត្តិរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak, កាលវិភាគសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកស្រី ផាក និងរបាយការណ៍មួយចំនួនទៀតពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។
យ៉ាងណាមិញលោក Jeong បានច្រានចោលការចោទប្រកាន់ដែលថាស្រ្តីឈ្មោះ Choi Soon-sil បានកែប្រែឯកសារទាំងអស់នោះដើម្បីលូកដៃចូលកិច្ចការរដ្ឋាភិបាល ដោយអតីតជំនួយការប្រធានាធិបតីរូបនេះបានអះអាងថា វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ផាក គឺនហេ ក្នុងព្យាយាមទទួលយកយោបល់ផ្សេងៗខុសប្លែកគ្នា។
ជាមួយគ្នានេះដែរជំនួយការជាន់ខ្ពស់មួយរូបទៀតគឺលោក Ahn Jong-beom ក៏បានផ្តល់សក្ខីភាពនៅចំពោះមុខរដ្ឋអាជ្ញាផងដែរថាលោកបានទទួលការបង្គាប់បញ្ជាពី លោកស្រីប្រធានាធិបតី ផាក គឺនហេ ឲ្យបញ្ជូនរបាយការណ៍ស្តីពីលុយបរិច្ចាគដ៏ច្រើនសន្ធឹកសន្ធាប់ដោយក្រុមហ៊ុនធំៗជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើតមូលនិធិសប្បុរសធម៌ចំនួនពីរដែលត្រូវគេសន្និដ្ឋានបានថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្រ្តីឈ្មោះ Choi Soon-sil។
លើសពីនេះទៀតលោក Ahn បានបន្តទៀតថាខ្លួនបានរួមដៃជាមួយស្រ្តី Choi ក្នុងការដាក់សម្ពាធទៅលើក្រុមហ៊ុនចំនួន ៥៣ ដើម្បីបរិច្ចាគលុយប្រមាណ ៧៧.៤ ពាន់លានវុន (៦៨លានដុល្លារសហរដ្ឋអាមេរិក) ទៅកាន់មូលនិធិសប្បុរសធម៌ Mir និង K-Sports។
គួរបញ្ជាក់ថាបច្ចុប្បន្នសាធារណជនទាំងនៅក្នុងក៏ដូចជានៅក្រៅប្រទេសកំពុងតែផ្តោតសំខាន់ទៅលើមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងត្បូង ថាតើលោកស្រីប្រធានាធិបតី ផាក គឺនហេ ចុងក្រោយនឹងត្រូវស្ថិតក្រោមការស៊ើបអង្កេតជុំវិញរឿងអាស្រូវនយោបាយនេះដែរយ៉ាងណា ខណៈខ្លួនលោកស្រីផ្ទាល់បានធ្វើការអះអាងនៅចំពោះមុខ ពលរដ្ឋកូរ៉េខាងត្បូងជាង ៥០ លាននាក់កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុននេះថា នឹងយល់ព្រមឲ្យមានការស៊ើបអង្កេតមកលើរូបលោកស្រីបើសិនជាវាចាំបាច់បំផុតនោះ៕