(ម៉ានីល)៖ តុលាការកំពូលហ្វីលីពីននៅថ្ងៃអង្គារនេះ បានបើកភ្លើងខៀវឲ្យមានការយកធាតុរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ទៅបញ្ចុះនៅឯទីបញ្ចុះសពសម្រាប់វីរៈបុរសហ្វីលីពីន ខណៈរដ្ឋាភិបាលទីក្រុងម៉ានីលមុនៗ និងប្រជាជនមួយចំនួនធំសុទ្ធតែយល់ថាលោក Marcos គឺជាមេដឹកនាំផ្ដាច់ការ ពុករលួយ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅអំឡុងពេលដែលលោកដឹកនាំប្រទេសពីឆ្នាំ១៩១៧ ដល់ ឆ្នាំ១៩៨៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងទៅកាន់អ្នកសារព័ត៌មានអ្នកនាំពាក្យតុលាការកំពូលលោក Theodore Te បានឱ្យដឹងថាតុលាការកំពូល បានបោះឆ្នោតក្នុងសំឡេង ៩ ទល់នឹង ៥ ដើម្បីអនុញ្ញាតឱ្យក្រុមគួ្រសារលោក Marcos យកធាតុរបស់លោកទៅ បញ្ចុះនៅឯទីបញ្ចុះសពវីរៈបុរសហ្វីលីពីន ក្នុងទីក្រុងម៉ានីល អនុឡោមតាមការសម្រេចចិត្តពីសំណាក់លោក ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ តិ្បតការសំរេចចិត្តបែបនេះមិនមែនផ្ទុយនឹងច្បាប់នោះទេព្រោះថាវាក៏គ្មានច្បាប់ ណាបានហាមឃាត់មិនឱ្យបញ្ចុះសពនៅទីនោះដែរ។
គួររំលឹកថាលោក Ferdinand Marcos ត្រូវបានប្រជាជនហ្វីលីពីនរាប់លានធ្វើបដិវត្តន៍ (អំណាចប្រជាជន ឬ People Power) ទម្លាក់ចេញពីតំណែងនៅឆ្នាំ១៩៨៦ ហើយលោកនិងគ្រួសារបាននិរទេសខ្លួនទៅកាន់សហ រដ្ឋអាមេរិក។ លោក Marcos បានទទួលមរណៈភាពនៅរដ្ឋហាវ៉ៃ ក្នុងឆ្នាំ១៩៨៩ និងចាប់ពីពេលនោះមកដែរ គ្រួសារលោក Marcos បានព្យាយាមស្វះស្វែងរកលទ្ធភាព ដើម្បីអាចយកធាតុរបស់លោកមកបញ្ចុះនៅស្រុក កំណើតប៉ុន្តែត្រូវបានរារាំងដោយប្រជាជន និងរដ្ឋាភិបាលជំនាន់ក្រោយៗរបស់ហ្វីលីពីន៕