(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា គោលនយោបាយពន្ធរបស់លោក គឺសំដៅលើកកម្ពស់ការផលិតរថក្រោះ និងផលិតផលបច្ចេកវិទ្យាក្នុងស្រុក មិនមែនស្បែកជើងប៉ាតា និងអាវយឺតនោះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះ Air Force One ក្នុងរដ្ឋ New Jersey លោក ត្រាំ បាននិយាយថា លោកយល់ស្របចំពោះការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Scott Bessent កាលពីថ្ងៃទី២៩ ខែមេសាដែលថា សហរដ្ឋអាមេរិក មិនសូវត្រូវការឧស្សាហកម្មវាយនភណ្ឌដែលកំពុងរីកចម្រើនស្រាប់នោះទេ។ លោកបានគូសបញ្ជាក់ដូច្នេះថា «យើងមិនស្វែងរកការផលិតស្បែកជើងប៉ាតា និងអាវយឺតទេ។ យើងចង់ផលិតឧបករណ៍យោធា។ យើងចង់បង្កើតសមិទ្ធផលធំៗ ដូច AI បន្ទះឈីប កុំព្យូទ័រ និងរបស់របរជាច្រើនទៀត ព្រមទាំងរថក្រោះ និងនាវា»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិនៃអង្គការវាយនភណ្ឌនៅអាមេរិក ក៏ធ្លាប់រិះគន់មតិយោបល់របស់លោក Bessent ផងដែរ។ ថ្មីៗនេះលោក ត្រាំ បានបញ្ចេញវោហាសាស្ត្រគំរាមជាថ្មីទាក់ទងនឹងពន្ធគយ ដោយជំរុញឱ្យដំឡើងពន្ធ ៥០ភាគរយលើទំនិញរបស់សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា ក៏ដូចជាព្រមានក្រុមហ៊ុន Apple ថាអាចយកពន្ធ ២៥ភាគរយលើអ្នកប្រើប្រាស់ ដែលទិញទូរស័ព្ទ iPhone មិនផលិតនៅក្នុងសហរដ្ឋអាមេរិក៕