(ហាណូយ)៖ បារាំង និងវៀតណាម គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន នៅថ្ងៃចន្ទ ទី២៦ ខែឧសភា នៅពេលប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបជាមួយ មេដឹកនាំវៀតណាម ក្នុងទីក្រុងហាណូយ ខណៈរូបលោកកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់បារាំងនៅក្នុងប្រទេសដែលធ្លាប់ជាអតីតដែនដីអាណានិគមរបស់បារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់វៀតណាម និងជាលើកដំបូងក្នុងនាមជាប្រធានាធិបតីបារាំងម្នាក់ក្នុងរយៈពេលជិតមួយទសវត្សរ៍មួយនេះ។ លោក Macron នឹងត្រូវបាន អមដំណើរដោយថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងជាច្រើនរូប ហើយបារាំង និងវៀតណាម ត្រូវបានរំពឹងថាអាចនឹងចុះកិច្ចព្រមព្រៀងជាង ៣០ ក្នុងពេលដែលប្រទេសទាំង២ កំពុងព្យាយាមជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ ផ្កាយរណប និងវិស័យយោធា។

គួរបញ្ជាក់ថា គម្រោងធ្វើទស្សនកិច្ចមកកាន់វៀតណាមរបស់លោក Emmanuel Macron គឺជាជើងទី១នៃដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយបន្ទាប់ពី ហាណូយ លោកនឹងត្រូវបន្តធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌូណេស៊ី និងសិង្ហបុរី៕