(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភាថាលោកនឹងផ្អាកការយកពន្ធគយ ៥០ភាគរយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីមានកិច្ចសន្ទនាដ៏ល្អមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ បានគំរាមថានឹងយកពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែមិថុនាក្រោយនេះ។ ប៉ុន្តែថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនឡើងយន្ដហោះ Air Force One ក្នុងទីក្រុង Morristown រដ្ឋ New Jersey លោកបានឱ្យដឹងថាលោកបានសម្រេចចិត្តពន្យារពេលការអនុវត្តពន្ធគយថ្មីននេះ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី von der Leyen ទើបតែហៅទូរស័ព្ទមកខ្ញុំ...ហើយលោកស្រីបានស្នើឱ្យខ្ញុំពន្យារពេលការយកពន្ធគយដែលដំបូងឡើយនឹងត្រូវអនុវត្ត នៅថ្ងៃទី១ ខែមិថុនា។ លោកស្រីបាននិយាយថាចង់អង្គុយចុះចរចាគ្នាសិន»។ លោកបន្ថែមទៀតថាលោកផ្ទាល់បានយល់ព្រម។

មុនការអត្ថាធិប្បាយរបស់លោក ត្រាំ លោកស្រី von der Leyen បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាលោកស្រីមានកិច្ចសន្ទនាដ៏ល្អមួយជាមួយលោក ត្រាំ ប៉ុន្តែ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយបាន យើងចាំបាច់ត្រូវការពេលវេលារហូតដល់ថ្ងៃទី៩ ខែកក្កដា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងស្ថិតនៅក្នុងកិច្ចចរចាដើម្បីបញ្ចៀសសង្រ្គាមពាណិជ្ជកម្ម និងបានឯកភាពគ្នាក្នុងការផ្អាកការយកពន្ធគយទៅវិញទៅមក រហូតដល់ខែកក្កដា។ លោក ត្រាំ បានគំរាមយកពន្ធគយលើសហភាពអឺរ៉ុប ក្នុងនោះ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម ព្រមទាំងរថយន្ដ ២០ភាគរយជាពន្ធគយទៅវិញទៅមក និង១០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីសហភាពអឺរ៉ុប៕