(មូស្គូ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភានេះ រុស្ស៉ី និងអ៊ុយក្រែន បានដោះដូរបុគ្គលិកយោធា ដោយម្ខាងចំនួន ៣០៧នាក់នៅជុំទីពីរនៃការព្រមព្រៀងដោះដូរឈ្លេីយសឹក នៅក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំរវាងប្រទេសទាំងពីរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការដោះដូរអ្នកទោស​ ដែលអាចមានអ្នកទោសប្រហែល ១ ០០០នាក់ពីភាគីម្ខាងៗ ក្នុងរយៈពេល ៣ថ្ងៃ។ ការណ៍នេះ អាចបង្ហាញពីដំណាក់កាលថ្មីមួយនៃការខិតខំប្រឹងប្រែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។

ជុំដំបូងនៃការដោះដូរ បានធ្វើឡើងកាលពីថ្ងៃសុក្រ ដោយរុស្ស៉ី និងអ៊ុយក្រែន ដោះលែងអ្នកទោសសង្រ្គាមចំនួន ៣៩០នាក់ដូចគ្នា ហេីយការដោះដូរបន្ថែមទៀតនេះ ត្រូវបានប្រកាសដោយក្រសួងការពារជាតិរុស្ស៉ី និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ។

គួរបញ្ជាក់ថា តាមរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov រុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីប្រគល់ឱ្យអ៊ុយក្រែននូវសេចក្តីព្រាងឯកសារមួយ ដែលបង្ហាញពីលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង នៅពេលដែលដំណេីរការដោះដូរអ្នកទោសចប់សព្វគ្រប់៕