(វ៉ាស៊ីនតោន)៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះពោលនៅថ្ងៃទី០៨ ខែវិច្ឆិកា (ម៉ោងនៅក្នុងទីក្រុង Washington) គ្រប់គ្នានឹងដឹងថា តើរវាងលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន នរណានឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ នៅក្រោយការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនីមួយៗនៅក្នុងរដ្ឋទំាង៥០ត្រូវបញ្ចប់ និងតាមរយៈការកំណត់លទ្ធផលនៅលើផែនទី ដោយកំណត់យកព័ណ៌ក្រហមតំណាងឱ្យគណបក្សសាធារណរដ្ឋ រីឯពណ៌ខៀវសម្រាប់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការបោះឆ្នោតនឹងចាប់ផ្ដើមនៅម៉ោង ៦៖០០ ឬ ៧៖០០នាទីព្រឹកទៅតាមរដ្ឋនីមួយៗ ខណៈការរាប់សន្លឹកឆ្នោតដំបូងនឹងត្រូវធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅម៉ោង ៧៖០០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ត្រូវនឹងម៉ោង ប្រមាណជា ៧៖០០នាទីព្រឹកថ្ងៃទីនៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្ដើមនៅម៉ោង ៧៖០០នាទីយប់ នៅពេលមណ្ឌលបោះឆ្នោតនៅក្នុង រដ្ឋ Georgia, South Carolina, Vermont, Indiana និង Kentucky ជាដើម។ ចំណែកឯ កន្លះម៉ោង ក្រោយមក ភាពភ្នាក់ផ្អើលអាចនឹងកើតឡើងនៅក្នុងការប្រកួត ប្រជែងដ៏សំខាន់នៅក្នុងរដ្ឋ Ohio និងរដ្ឋ North Carolina ដែលមាន ១៥ និង ១៨ Electoral College ឬក៏រដ្ឋ Florida ដែលមាន ២៩ Electoral Colleges។
គួរបញ្ជាក់ថារដ្ឋ Ohio គឺរដ្ឋរបស់អ្នកប្រជាធិបតេយ្យហើយរដ្ឋ North Carolina មាននិន្នាការបោះឆ្នោតឱ្យអ្នក សាធារណរដ្ឋ ប៉ុន្តែនៅអាណត្តិនេះរដ្ឋទំាងពីរនេះ អាចនឹងធ្វើឱ្យអ្នកបោះឆ្នោតពិបាកក្នុងការជ្រើសរើស ប្រធានាធិបតីរបស់ពួកគេ ដោយសារតែភាពស្រពិចស្រពិលខ្លាំងលើផ្នែកនយោបាយ ដូច្នេះលទ្ធផលចុងក្រោយគឺមានតែត្រូវរង់ចាំតាមដានទាំងអស់គ្នាប៉ុណ្ណោះ៕