(ប៉េកាំង)៖ ខណៈពេលដែលកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ រវាងចិននិងអាមេរិកទើបទទួលបាន លទ្ធផលវិជ្ជមាន ភាគីអាមេរិក ក៏បានវិលត្រឡប់ទៅរកកលល្បិចចាស់ៗ ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិន ឡើងវិញ។
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ចេញ សេចក្តីណែនាំដែលប៉ុនប៉ងហាមឃាត់ ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិន នៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំងបន្ទះឈីប Huawei Ascend ផងដែរក្រោមលេសដែលសន្មតថា បានល្មើសនឹងការគ្រប់គ្រងខាងការនាំចេញរបស់អាមេរិក ។ ទង្វើអនុត្តរភាពដោយឯកតោភាគី និងគាំពារនិយមបែបនេះបានធ្វើផ្ទុយពីគំនិតឯកភាពរួម ដែលឈានដល់ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាង ចិននិងសហរដ្ឋអាមេរិក បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្ដាលចម្លងសកល ហើយក៏បានដកហូតសិទ្ធិរបស់ប្រទេសដទៃទៀត ក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីបកុំព្យូទ័រជឿនលឿននិងបញ្ញាសិប្បនិម្មិតជាដើម ដែលបានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយ ពីសំណាក់មតិសាធារណៈអន្តរជាតិ។
អ្នកជំនាញនៃមុខរបរបន្ទះឈីបកុំព្យូទ័រធ្វើបទបង្ហាញថា ការផលិតបន្ទះឈីបមួយត្រូវការកិច្ចសហការ ផ្នែកឧស្សាហកម្មរបស់ប្រទេសយ៉ាងហោចណាស់ចំនួន ៧ និងក្រុមហ៊ុនចំនួន ៣៩ ដែលពាក់ព័ន្ធដល់ឧស្សាហកម្មប្រហែលជាង ៥០ និងរាប់ពាន់ដំណាក់កាល ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រើទង្វើខុសឆ្គងម្តងហើយម្តងទៀត ដូចជាការដាក់កំហិតលើ ការនាំចេញជាដើមដោយគិតពីទស្សនផលបូកសូន្យ រំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៃបន្ទះឈីបសកល វាមិនត្រឹមតែបានបណ្តាលឱ្យថ្លៃដើមកើនឡើង និងរារាំងដល់ការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ផលប្រយោជន៍របស់សហគ្រាស និងអ្នកប្រើប្រាស់របស់ សហរដ្ឋអាមេរិកផងដែរ ។ អំពីចំណុចនេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកអាមេរិកបានមើលឃើញយ៉ាងច្បាស់។
លោក Jeffrey Sachs បញ្ញវន្តដ៏ល្បីឈ្មោះ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Columbiaអាមេរិកបានថ្លែងថា បណ្តាប្រទេសនានាគួរបង្កើន កិច្ចសហប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាទំនើប តែមិនមែនបែងចែកពិភពលោកទៅជា "មិត្ត" ឬ "សត្រូវ" នោះទេ ។ រដ្ឋាភិបាលអាមេរិកបានប្រែក្លាយភាគលាភផ្នែកបច្ចេកវិទ្យា ដែលគួររួមគ្នាចែករំលែកឱ្យទៅជា ថ្នូរសម្រាប់ធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ដែលកាត់ផ្តាច់កិច្ចសហការនិងការច្នៃប្រឌិតថ្មីជាសកល និងបំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មសកល ។ កាសែត «ញូវយ៉កថែមស៍» បានចុះផ្សាយអត្ថបទថា ទង្វើពាក់ព័ន្ធរបស់អាមេរិកកំពុងបំផ្លាញកម្លាំងជាក់ស្តែង និងសសរស្តម្ភនៃការច្នៃប្រឌិតថ្មីរបស់អាមេរិក។
ក្នុងវិស័យបន្ទះឈីប មនុស្សមួយចំនួនតូចរបស់អាមេរិកគិតចង់ច្របាច់ក សម្រាប់ការអភិវឌ្ឍរបស់ចិនតាមរយៈការហាមឃាត់ ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិន នៅទូទាំងពិភពលោក ប៉ុន្តែមានតែហុចផលវិបាកតបមកវិញ ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៤ ទំហំនាំចេញសៀគ្វីរួមបញ្ចូលគ្នាមានចំនួន ១៥៩,៥៥ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៧,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលបានបំបែកកំណត់ត្រាថ្មី ។ មានអ្នកវិភាគបានលើកឡើងថា នេះមានន័យថា សិទ្ធិបញ្ចេញមតិរបស់ប្រទេសចិន ក្នុងរចនាសម្ព័ន្ធឧស្សាហកម្មវត្ថុពាក់កណ្ដាលចម្លងសកល កំពុងកើនឡើងជាលំដាប់។
"ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ មិនអាចធ្វើឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺនោះទេ"។ភាគីអាមេរិកគួរកែតម្រូវ ទង្វើខុសឆ្គងរបស់ខ្លួនភ្លាមៗ គោរពតាមច្បាប់កំណត់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនិងគោរពសិទ្ធិរបស់ប្រទេសដទៃ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ។ កាលពីអតីតកាល "របាំង" និង "រនាំងដែកបច្ចេកវិទ្យា" មិនអាចរារាំងការអភិវឌ្ឍរបស់ប្រទេសចិនទេ នៅពេលអនាគតវារឹតតែមិនអាចទៅរួច៕
វិទ្យុមិត្តភាពកម្ពុជាចិន