(បាងកក)៖ គណៈកម្មាធិការទទួលបន្ទុកស្រូវអង្ករថៃបានចេញសេចក្តីប្រកាសមួយស្តីអំពីប្រាក់កម្ចីប្រមាណ ៥១៤លានដុល្លារអាមេរិក ដើម្បីជួយកសិករថៃដែលកំពុងតែរងទុក្ខលំបាកដោយសារតែតម្លៃស្រូវអង្ករនៅជុំវិញពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្រុមប្រជាកសិករនេះ មានសារៈសំខាន់បំផុតរវាងរដ្ឋាភិបាលយោធាបច្ចុប្បន្ន និងគូប្រជែងក្នុងការបោះ ឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Apiradee Tantraporn បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រជាកសិករនឹងទទួលបានថវិកាចន្លោះពី ២៩៩ ដុល្លារទៅ ៣២២ ដុល្លារសហរដ្ឋអាមេរិកសម្រាប់រាល់ស្រូវ ដែលពួកគេស្តុកទុកក្នុងមួយតោនៗដោយអាស្រ័យទៅតាមប្រភេទរបស់វា ហើយថវិកាសរុបដែលផ្តល់ដោយរដ្ឋាភិបាលមានចំនួន ១៨ពាន់លានបាតដែលស្មើនឹង ៥១៤លានដុល្លារអាមេរិក។ លោក Apiradee បានបន្តថា ទង្វើនេះគឺជាការជួយសម្រាលទុក្ខលំបាកខ្លះៗ របស់ប្រជាកសិករថៃ ខណៈពួកគេកំពុងតែប្រមូលផលស្រូវជាបន្តទៀត។
ជាមួយគ្នានេះដែរកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ ក៏បានចេញមុខជួយកសិករថៃ តាមតែអាចធ្វើទៅបានផងដែរ ដោយបានធ្វើការរៀបចំដាក់លក់អង្ករនៅចំណតរថយន្តនៃផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ដោយអង្ករមួយគីឡូក្រាម មានតម្លៃ២០បាត ហើយព្រឹត្តិការណ៍នោះបានប្រព្រឹត្តទៅដោយជោគជ័យ ខណៈអ្នកគាំទ្រលោកស្រី យីងឡាក់ រាប់ពាន់នាក់បានឈរតំរង់ជួរគ្នាត្រៀបត្រា ដើម្បីរង់ចាំទិញអង្ករពីលោកស្រីដោយទឹកចិត្តយ៉ាងសប្បាយរីករីយក្រៃលែង។
គួរបញ្ជាក់ដែរថាការធ្លាក់ចុះនៃតម្លៃស្រូវអង្ករបានជំរុញឲ្យរដ្ឋាភិបាលយោធាថៃដាក់ចេញនូវថវិកាសង្រ្គោះមួយចំនួន ខណៈខ្លួន និងគូប្រជែងកំពុងតែប្រកួតគ្នា ដើម្បីទាក់ទាញសំឡេងគាំទ្រពីកសិករដែលជាក្រុមដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យនយោបាយ នៃប្រទេសថៃនៅមុនការបោះឆ្នោតដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំក្រោយនេះ៕