(ខាទុំ)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា រដ្ឋាភិបាលស៊ូដង់បានច្រានចោល ការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក ដែលថាខ្លួនបានប្រើប្រាស់អាវុធគីមី ក្នុងសង្រ្គាមស៉ីវិល ដែលកំពុងបន្តនៅក្នុងប្រទេស ហើយទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បាននិយាយថា កងទ័ពស៊ូដង់មិនបានប្រើប្រាស់អាវុធគីមី ប្រឆាំងកងកម្លាំងទាហានប៉ារ៉ាដែលជាគូបដិបក្ខ ដូចការចោទប្រកាន់របស់អាមេរិកឡើយ។ ការបដិសេធនេះ គឺបន្ទាប់ពីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ថា យោធាស៊ូដង់កាលពីឆ្នាំមុន បានប្រើប្រាស់អាវុធគីមីក្នុងសង្រ្គាមស៉ីវិលដ៏បង្ហូរឈាម ហើយនឹងដាក់ទណ្ឌកម្ម។ រដ្ឋមន្រ្តីព័ត៌មានស៊ូដង់ បានចាត់ទុកការចោទប្រកាន់របស់ទីក្រុងវ៉ាស៉ីនតោន ថាគ្មានមូលដ្ឋាន ហើយជាការជំរិតគំរាមផ្នែកនយោបាយ និងជាការបំភ្លៃការពិតដោយចេតនា។
គួរបញ្ជាក់ថា ប្រទេសធំជាងគេទី៣នៅទ្វីបអាហ្រ្វិកមួយនេះ ត្រូវបានហែកហួរដោយសង្រ្គាមស៉ីវិល អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឱ្យប្រជាជនប្រមាណ១៣លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង ហើយបានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិ ហៅថាជា វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕