(វ៉ាស៊ីនតោន)៖ ទីប្រឹក្សានយោបាយជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានលើកឡើងថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតក្លាយជាប្រធានាធិបតីនោះ រដ្ឋាភិបាលអាមេរិកថ្មីនេះនឹងបង្កើតទណ្ឌកម្មថ្មីៗថែមទៀតដែលនឹងផ្តល់ភាពឈឺចាប់យ៉ាងពិតប្រាកដទៅដល់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងន័យបង្ខំឲ្យរដ្ឋដ៏ឯកោនេះលះបង់ចោលកម្មវិធីនុយក្លេអ៊ែរតែម្តង ដែលគោលនយោបាយនេះគឺផ្ទុយទៅនឹងអ្វីលោក ដូណាល់ ត្រាំ ចង់បាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការវិភាគខាងលើនេះធ្វើឡើងដោយលោកស្រី Laura Rosenberger ទីប្រឹក្សាជំនិតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបន្ទុកផ្តល់ប្រឹក្សានយោបាយ ហើយលោកស្រីបានសង្កត់ធ្ងន់ទៀតថា «លោកស្រី គ្លីនតុន ជឿជាក់ថា យើងមិនអាច និងអនុញ្ញាតងាយៗឲ្យកូរ៉េខាងជើងធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយជោគជ័យ ដែលនឹងក្លាយជាការគំរាមកំហែងដ៏ធំធេងចំពោះអាមេរិកនោះឡើយ។ លោកស្រី គ្លីនតុន ជឿជាក់ថាអាមេរិកនឹងត្រូវតែធ្វើការជាមួយសម្ព័ន្ធមិត្តនានាដើម្បីបន្ថែមសម្ពាធទៅលើកូរ៉េខាងជើង។ កន្លងមកទណ្ឌកម្មត្រូវបានដាក់ ប៉ុន្តែលើកនេះយើងត្រូវតែបង្កើតទណ្ឌកម្មដែលនឹងបង្កក្តីឈឺចាប់ពិតៗតែម្តងលើទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថាប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតនោះវាប្រាកដជារឿងភាគមួយដែលបន្តពីលំនាំនៃការដឹកនាំរបស់ប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ប៉ុន្តែអ្វីដែលនឹងក្តៅគគុកជាងនេះទៅទៀតនោះ លោកស្រី គ្លីនតុន ត្រូវបានអ្នកវិភាគនានាអះអាងថានឹងដឹកនាំដោយប្រើឥទ្ធិពលខ្លាំងជាងលោក អូបាម៉ា ទៅទៀត ជាក់ស្តែងគឺ ចំណាត់ការទៅលើកូរ៉េខាងជើងតែម្តង។ ងាកទៅមើលលោក ដូណាល់ ត្រាំ វិញកាលពីពេលលោកឃោសនារកសំឡេងឆ្នោតដំបូងៗ លោកធ្លាប់បង្ហាញចេតនាចង់កែសម្រួលទំនាក់ទំនងឲ្យជិតស្និតជាមួយនឹងកូរ៉េខាងជើងហើយជាការឆ្លើយតបកូរ៉េខាងជើងក៏បានកោតសរសើរលោក ត្រាំ ផងដែរថាជាមេដឹកនាំចេះយល់កាលៈទេសៈ៕