(ដាក្កា)៖ មេក្រុមនិស្សិតម្នាក់ បានលើកឡើងថា មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បានព្រមានថា នឹងចុះចេញពីតំណែង ប្រសិនបើគណបក្សនយោបាយ នៅតែមិនអាចឯកភាពគ្នាលើកំណែទម្រង់ ដែលប្រជាពលរដ្ឋកំពុងរង់ចាំ ខណៈប្រការនេះធ្វើឱ្យស្ថានការណ៍ កាន់តែស្រពេចស្រពិលថែមទៀត ក្រោយចលនាតវ៉ាដ៏ហិង្សា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។
អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ត្រូវភៀសខ្លួនចេញពីប្រទេស ដោយសារតែការបះបោរ ធ្វើឡើងដោយ ក្រុមនិស្សិតកាលពីឆ្នាំមុន។ ក្រោយមកលោក Yunus បានឡើងគ្រប់គ្រងប្រទេសអាស៉ីខាងត្បូង ដែលមានប្រជាជន ១៧៣លាននាក់នេះជាបណ្តោះអាសន្ន កាលពីខែសីហា ឆ្នាំ ២០២៤។ មេក្រុមនិស្សិតខាងលើ គឺលោក Nahid Islam ដែលជាប្រធានគណបក្សពលរដ្ឋជាតិ (NCP) ទើបនឹងបង្កើតថ្មី បាននិយាយថា លោក Yunus ពិបាកធ្វើការណាស់ បើគ្មានការគាំទ្រពីគណបក្សនយោបាយ។ ក្រោយពេលប្រជុំមួយ Nahid Islam និយាយថា «លោក Yanus បានប្រាប់ថា ប្រសិនបើគាត់មិនអាចធ្វើការងារបាន តួយ៉ាងកំណែទម្រង់លើប្រព័ន្ធដឹកនាំ និងរៀបចំការបោះឆ្នោតដោយយុត្តិធម៌ទេនោះ ប្រហែលជាគាត់ត្រូវចាកចេញហើយ»។
គួរបញ្ជាក់ថា លោក Yunus សន្យាថានឹងធ្វើកំណែទម្រង់សំខាន់ៗ ក្នុងវិស័យផ្សេងៗ ប៉ុន្តែកត្តាខ្វះភាពរីកចម្រើន និងការមិនចុះសម្រុងផ្នែកនយោបាយ បានធ្វើឱ្យរដ្ឋបាលរបស់លោក ស្ថិតក្នុងស្ថានភាពតឹងតែង៕