(វ៉ាស៉ីនតោន)៖ ឆ្មាំសន្តិសុខ បានធ្វើសកម្មភាពបាញ់ស្ទាក់ទៅលើស្រ្តីម្នាក់ ដែលបើករថយន្តឆ្ពោះចូលទៅច្រកទ្វារធំ នៃទីស្នាក់ការកណ្តាលរបស់ CIA ដែលស្ថិតនៅក្បែររដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយព្រងើយកន្តើយនឹងការបញ្ជាឱ្យឈប់ ហើយនាងក៏ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។
តាមប្រភពសុំមិនបញ្ចេញឈ្មោះ ការពិនិត្យឯកសារសាធារណៈ បង្ហាញថាស្រ្តីរូបនេះជាពលរដ្ឋអាមេរិកវ័យក្មេង មានប្រវត្តិបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន។ ប្រភពដដែលប្រាប់ Reuters ថា នៅពេលកើតហេតុ ស្ត្រីជាជនសង្ស័យបើករថយន្តចូលទៅច្រកទ្វារធំរបស់ទីស្នាក់ការ ហើយពេលសន្តិសុខព្យាយាមឃាត់ នាងក៏បើកគេចពីសន្តិសុខ រួចបន្តបើកចូលទៅមុខទ្វារ ក្រោយមកទើបត្រូវបានបាញ់ស្ទាក់។ បន្ទាប់ពីមានឧប្បត្តិហេតុ ស្រ្តីរូបនោះស្ថិតក្នុងសភាពធម្មតា។ ពេលនេះ FBI កំពុងធ្វើការស៉ើអង្កេត។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើង បន្ទាប់ពីបុគ្គលិកស្ថានទូតអ៉ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ នៅរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី កាលពីយប់ថ្ងៃពុធ។ ក្រោយកើតហេតុ CIA បានបិទច្រកទ្វារធំរបស់ខ្លួន ហើយបានណែនាំឱ្យបុគ្គលិក ប្រើប្រាស់ច្រកផ្លូវផ្សេង៕